ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងគឺជាទីក្រុងគោលដៅទេសចរណ៍មួយដ៏ពេញនិយមបំផុតនៅក្នុងប៉ែកអាស៊ី ព្រោះតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន កូរ៉េខាងត្បូងបានកំណត់និន្នាការពិភពលោករាប់ចាប់ពីតន្រ្តី រោងកុន ម្ហូបអាហារ និងម៉ូតពេញនិយមជាច្រើន។ ក្នុងប៉ុន្មានទតវត្សមកនេះ កូរ៉េខាងត្បូងបានទទួលរកឥទ្ធិពលពីប្រទេសជិតខាងដូចជាចិននិងជប៉ុនជាដើម ដោយសារតែកត្តាទីតាំងភូមសាស្រ្ត ដែលជាការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នៅក្នុងការបង្ហាញភាពអស្ចារ្យនៃប្រទេសនេះទៅកាន់ពិភពលោក។ ដូច្នេះហើយ ខាងក្រោមនេះគឺជាបទពិសោធន៍មួយចំនួនសម្រាប់អ្នកដែលមានគម្រោងមកលេងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងមិនគួរមើលរំលង៖
១ ញាំអាហារនៅតាមដងផ្លូវ Street Food ៖ បទពិសោធន៍ដ៏ល្អមួយដែលគួរតែធ្វើនៅពេលដែលទៅដល់ទីក្រុងសេអ៊ូលប្រទេសកូរ៉េគឺដើរញាំអាហារនៅតាមដងផ្លូវ។ Gwangjang Market គឺជាផ្សារដ៏ធំមួយប្រចាំបប្រវត្តិសាស្រ្ត ដែលមានជម្រើសនៃស្តង់ម្ហូបជាង៥០០០ប្រភេទផ្សេងៗពីគ្នា រួមទាំងតូបលក់សម្លៀកបំពាក់ស្អាតៗ លម្អដោយភ្លើងរាត្រីចម្រុះពណ៌គួរឲ្យទាក់ចិត្តបំផុត។ ម្ហូបដ៏ពេញនិយមបំផុតនៅទីនោះគឺ Kalguksu (គុយទាវកាត់ជាមួយនឹងទឹកស៊ុបបែបកូរ៉េ) និង សាច់ជ្រូកអាំងកូរ៉េ រួមជាមួយនឹងគីមឈីជាដើម។ ម្យ៉ាងវិញទៀត ផ្សារលក់អាហារតាមដងផ្លូវ ដ៏ពេញនិយមបំផុតមួយដែរគឺផ្សារ Myeongdong ជាផ្សាររាត្រីដែលមានលក់ម្ហូបរាប់រយមុខរសជាតិឆ្ងាញ់។ មុខម្ហូបប្រចាំតំបន់ដែលគួរតែសាកពេលទៅដល់ទីនោះគឺ គីមប៉ាប់ ដែលគីមនៅទីនោះធ្វើឡើងពីសារ៉ាយសមុទ្រ និងប៉ាប់ធ្វើឡើងពី បាយម្យ៉ាង មានរសជាតិស្រដៀងនឹងស៊ូស៊ី លាយជាមួយសារ៉ាយសមុទ្រ បាយ បន្លែ សាច់ និងត្រីជាដើម។
២ ទៅធ្វើសេវាកម្ម K Beauty ៖ Myeongdoong គឺជាទីកន្លែងសម្បូរបែបនិងគួរឲ្យចង់រស់នៅបំផុត។ ពីព្រោះនៅទីនោះគឺបណ្តំទៅដោយហាងលក់គ្រឿងថែរក្សាសម្រស់លល្អៗរាប់មុឺនប្រភេទ។ ការថែរក្សាសម្រស់គឺជារឿងសំខាន់បំផុតសម្រាប់ប្រជាជនកូរ៉េទូទៅ ជាពិសេសគឺនារីកូរ៉េ។ វាមិនមែនជារឿងដែលចម្លែកទេ ដែលប្រទេសកូរ៉េជាប្រទេសមួយដែលមានចំនួនអ្នកកែសម្ភស្សច្រើនជាងគេនៅលើសកលលោក ព្រោះប្រជាជនកូរ៉េភាគច្រើននិយមចូលចិត្តវះកាត់ត្របកភ្នែករបស់ពួកគេដើម្បីឲ្យមើលទៅធំស្អាតជាងមុនក៏ដូចជាវះកាត់ថ្គាមមុខអក្សរវីជាដើម។
៣ ទៅទស្សនាកន្លែងប្រវត្តិសាស្រ្តនិងស្លៀកពាក់ឈុតប្រពៃណីកូរ៉េដោយសេរី៖ នៅក្រុងសេអ៊ូល អ្នកអាចស្លៀកសម្លៀកបំពាក់កូរ៉េបានក្នុងបរិវេណទីតាំងប្រត្តិសាស្រ្តដោយសេរី។ ជាពិសេសគឺនៅតំបន់ Gyeongbokgung ជាទីតាំងប្រត្តិសាស្រ្តនៃព្រះរាជវាំងរបស់អធិរាជ Joseon Dynasty ដែលបានបង្ហាញពីសក្តានុពលផ្នែកនយោបាយនិងសេដ្ឋកិច្ចដ៏រុងរឿងមួយក្នុងអំឡុងឆ្នាំ១៣៩៥ លាតសន្ធឹងក្នុងផ្ទៃដីសរុបជាង ៤០ ០០០ម៉ែត្រការ៉េ ។នៅទីនោះក៏មានដាក់ជួលនូវសម្លៀកបំពាក់ប្រពៃណីកូរ៉េផងដែរ ដែលគេឲ្យឈ្មោះថា ហាន់ប៊ុក ជាមួយនឹងសម្លៀកបំពាក់ជាង៩០០បែបខុសៗគ្នា ដែលបង្ហាញពីការស្លៀកពាក់នៅក្នុងសម័យកាលអធិរាជ Joseon Dynasty ផ្ទាល់តែម្តង។ ជាទូទៅនៅពេលដែលអ្នកទៅដល់កន្លែងទាំងនោះអ្នកនឹងប្រទះឃើញនារីកូរ៉េភាគច្រើនថតរូបដោយមោទនភាពជាមួយនឹងឈុតប្រពៃណីពួកគេ ដោយស្លៀកសំពត់វែងច្រើនជាន់ អាវដៃវែង ដៃខ្លីមានប៉ាក់ និងតុបតែងលម្អផ្សេងៗជាដើម។
៤ ច្រៀងចម្រៀង K pop នៅការ៉ាអូខេ៖ ប្រសិនបើអ្នកទៅដល់ទីក្រុងសេអ៊ូល ហើយឃើញផ្លាកសញ្ញាដែលគេឲ្យឈ្មោះថា Noraebang សូមកុំខកខានឲ្យសោះព្រោះនោះជាទីកន្លែងច្រៀងចម្រៀងខារ៉ាអូខេជនជាតិកូរ៉េ ហើយវាក៏ទទួលបាននូវការពេញនិយមបំផុតពីស្រទាប់យុវវ័យទៅលើបទចម្រៀង K Pop នៅពេញផ្ទៃប្រទេស។ នៅទីនោះក៏មានជួលជាបន្ទប់គិតតម្លៃជាម៉ោង ជាមួយនឹងកន្លែងអង្គុយដ៏មានផាសុខភាព និងស្រ្គីនធំៗដែលបង្ហាញពីសក្តានុពលនៃសកលលោកនៃចម្រៀង K Pop ដ៏អស្ចារ្យបំផុត។
៥ ទៅទស្សនាសារមន្ទីរនៃភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់ Samsung ៖ សម្រាប់ជនជាតិកូរ៉េ Samsung គឺជាមោទនភាពមួយរបស់ជាតិ។ អ្នកនឹងឃើញ Samsung នៅគ្រប់ទីកន្លែងមិនថាជា ផ្ទាំង LED ឬ Poster យក្ស និងផ្ទាំបាដាម៉ាកយីហោល្បីៗនៅពេញផ្ទៃប្រទេស។ សារមន្ទីរនេះគឺជាទីស្នាក់កាលកណ្តាលនៃមជ្ឈមណ្ឌលកូរ៉េ និងត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ លាតសន្ធឹងលើផ្ទៃដីជិត២លានម៉ែត្រការ៉េ មានអាគារចំនួន១៣០ រួមមានទាំងអាហារដ្ឋានដើម្បីភ្ញៀវប្រមាណ៥០ ០០០ចានក្នុងមួយថ្ងៃ និងមានហាងកាហ្វេប្រមាណ៣០កន្លែងផ្សេងគ្នា។ បើទោះបីជាប្រទេសកូរ៉េខាងត្បូងទើបតែងើបឡើងពីសង្គ្រាមដែលបង្កឡើងដោយជនស៊ីវិលដែលធ្វើឲ្យប្រទេសខូចខាតជាខ្លាងនៅក្នុងឆ្នាំ១៩៥០ ប៉ុន្តែនៅតែអាចងើបឡើងវិញជាមួយបច្ចេកវិទ្យាខ្នាតយក្សរបស់ Samsung ដែលមានបុគ្គលិកលើសពី ៣០០ ០០០នាក់នៅជុំវិញពិភពលោក និងជាគូរប្រជែងរបស់ក្រុមហ៊ុន Apple និង Sony ផងដែរ៕










