បរទេស៖ ពលរដ្ឋជាច្រើនដែលមកពីបណ្តាប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអូស្ត្រាលី បានចាកចេញពីតំបន់ហ្គាហ្សាដោយសុវត្ថិភាព នឹងបានមកដល់ប្រទេសអេហ្ស៊ីបតាមច្រកព្រំដែនរ៉ាហ្វា។
យោងតាមគេហទំព័រ AP News ដែលបានរាយការណ៍នៅថ្ងៃទី២ ខែវិច្ឆិកាថ្មីៗនេះថា ប្រទេសជាច្រើនបានបញ្ជាក់ថា ពលរដ្ឋរបស់ពួកគេបានចាកចេញពីតំបន់ហ្គាហ្សានឹងបានឆ្លងកាត់ច្រកព្រំដែន Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីបដោយសុវត្ថិភាពហើយ ប៉ុន្តែមិនបានបញ្ជាក់ចំនួនពិតប្រាកដនោះទេ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ក្រុមជនបរទេសដំបូងដែលឆ្លងកាត់ច្រកព្រំដែន Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប រួមមានពលរដ្ឋអូទ្រីស ៣១នាក់ ពលរដ្ឋអូស្ត្រាលី ២០នាក់ និងពលរដ្ឋបារាំង ៥នាក់។
ក្រសួងការបរទេសអូទ្រីសបាននិយាយថា «អូទ្រីសគឺជាប្រទេសដំបូងគេដែលមានពលរដ្ឋត្រូវបានជម្លៀស»។ ដូច្នេះ ក្រុមមនុស្សដែលចាកចេញភាគច្រើនសុទ្ធតែជាពលរដ្ឋដែលមានសញ្ជាតិពីរ រស់នៅក្នុងតំបន់ហ្គាហ្សា ឬទៅសួរសុខទុក្ខសាច់ញាតិ រួមទាំងអនីតិជនចំនួន ១០ នាក់ទៀត។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ប្រទេសអេហ្ស៊ីបបានយល់ព្រមក្នុងការស្នើសុំរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីបើកច្រកព្រំដែន Rafah ជាលើកដំបូងចាប់តាំងពីមានជម្លោះហាម៉ាស- អ៊ីស្រាអែល ផ្ទុះឡើង ដោយអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេសចាកចេញពីតំបន់ Gaza។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ច្រកព្រំដែនរបស់អេហ្ស៊ីបនឹងបើកក្នុងរយៈពេលមានកំណត់ ក៏ដូចជាអនុញ្ញាតឱ្យជនបរទេសនិងអ្នករងរបួសធ្ងន់ធ្ងរចាកចេញតែប៉ុណ្ណោះ៕










