ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃលើកឡើងថា គណៈរដ្ឋមន្ត្រីមានមតិអនុម័តឱ្យប្រទេសឥណ្ឌា និងតៃវ៉ាន់ ស្ថិតក្នុងបញ្ជីឈ្មោះប្រទេសដែលក្រសួងមហាផ្ទៃថៃបានប្រកាសកំណត់ឱ្យអ្នកកាន់លិខិតឆ្លងដែន ឬឯកសារប្រើជំនួសលិខិតឆ្លងដែន អាចធ្វើដំណើរមកប្រទេសថៃជាបណ្តោះអាសន្ន ដើម្បីទេសចរណ៍ក្នុងលក្ខណៈពិសេស និងអនុញ្ញាតឱ្យពួកគេស្នាក់នៅប្រទេសថៃ មិនលើសពីរយៈពេល៣០ថ្ងៃ ។
ប្រទេសថៃនឹងចាប់អនុវត្តការលើកលែងទិដ្ឋាការដល់ប្រទេសទាំងពីរនេះ គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ (ស្មើនឹងរយៈពេល៦ខែ) ពីព្រោះវាជារដូវកាលទេសចរណ៍សម្រាប់ពលរដ្ឋឥណ្ឌា និងតៃវ៉ាន់ ។ លើសពីនេះ វាក៏ជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងកិច្ចការបរទេសជារួម ។
ក្រៅពីនេះ ក៏មានការចាត់តាំងឱ្យភ្នាក់ងារពាក់ព័ន្ធ ដូចជា ការិយាល័យប៉ូលិសអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃ ធ្វើការកែលម្អ និងកែតម្រូវការប្រកាស ឬបទប្បញ្ញត្តិពាក់ព័ន្ធបន្ថែមទៀត ។ ភ្នាក់ងារសន្តិសុខត្រូវតែត្រួតពិនិត្យ តាមដាន និងវាយតម្លៃផលប៉ះពាល់ពីសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក្រោយគ្រប់រយៈពេល៦ខែ ។
យោងតាមការពិនិត្យទិន្នន័យភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងតៃវ៉ាន់ ឃើញថា ចាប់តាំងពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរឥណ្ឌាធ្វើដំណើរមកកាន់ប្រទេសថៃ ចំនួន១.១៦២.២៥១នាក់ ។ ហេតុនេះ ប្រទេសថៃរំពឹងថា នៅចុងឆ្នាំ២០២៣នេះ ភ្ញៀវទេសចរឥណ្ឌានឹងធ្វើដំណើរមកថៃ ប្រមាណជាង១លាននាក់ ។
ភ្ញៀវទេសចរឥណ្ឌាបានចំណាយប្រាក់ប្រមាណ៤១.០០០បាតសម្រាប់ការមកកម្សាន្តនៅថៃ ចំនួន១លើក ខណៈភ្ញៀវទេសចរតៃវ៉ាន់បានចំណាយប្រាក់ប្រមាណ៤៣.០០០បាតសម្រាប់ការមកកម្សាន្តនៅថៃ ចំនួន១លើក ។ ហេតុនេះ ប្រទេសថៃរំពឹងថា នៅឆ្នាំ២០២៣ នឹងមានចំនួនភ្ញៀវទេសចរធ្វើដំណើរចូលថៃ ប្រមាណ៧សែននាក់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសថៃបានចាប់ផ្តើមអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន គឺគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបមានរយៈពេល៥ខែ ៕ ប្រភព ៖ Thai PBS










