អ្នកស្រី លី ហ្គេច ត្រូវជាម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានចេញវីដេអូស្នើសុំសម្តេចពុក សម្តេចម៉ែ រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជួយរកយុត្តិធម៌ឱ្យកូនប្រុសដែលបានចែកឋានទៅបន្ទាប់ពីមានការផ្សព្វផ្សាយរឿងឧកញ៉ា ឈាង រ័ត្ន ជំពាក់បំណុល។ អ្នកស្រី បានឱ្យដឹងថាបើសិនជំពាក់បំណុលគេ ម្តេចឧកញ៉ា ឈាង រ័ត្ន បានទៅជាទិញដីនៅខេត្តកំពត កែប និងផ្ទះនៅភ្នំពេញ។ ទន្ទឹមនឹងនោះ អ្នកស្រី សូមស្នើថ្នាក់ដឹកនាំជួយស្រាវជ្រាវហេតុផលនៃការធ្វើអត្តឃាតរបស់ ឧកញ៉ា ឈាង រ័ត្ន ។No photo description available.

ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅលើគណនីហ្វេកប៊ុកមួយឈ្មោះថា Guech Ly ដែលត្រូវជាម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានបង្ហោះវីដេអូប្រមាណជាង៤នាទី ដោយបានស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឱ្យកូនប្រុសដែលបានស្លាប់ទៅ។ ក្នុងវីដេអូនោះ អ្នកស្រី លីហ្គេច បានឱ្យដឹងថា បន្ទាប់ពីកូនប្រុស (ឧកញ៉ា ឈាង រ័ត្ន) ស្លាប់ជាង១០ថ្ងៃមកនេះអ្នកស្រីមិនដែលបើកហ្វេកប៊ុកនោះទេដោយកូនៗបានហាមឃាត់ ប៉ុន្តែអ្នកស្រីក៏បានបើកហ្វេកប៊ុក ហើយឃើញព័ត៌មានមួយចំនួនចុះផ្សាយថាកូនប្រុសជំពាក់បំណុលគេស្របពេលមានអ្នកស្គាល់គាត់ជាច្រើនបានចោទសួរគាត់ថា ឧកញ៉ា ឈាង រ័ត្ន ជំពាក់បំណុលគេឬយ៉ាងណាMay be an image of 7 people, suitcase and text

អ្នកស្រី លី ហ្គេច បានបន្តទៀតថាគាត់មិនយល់ដូចគ្នាបើកូនជំពាក់បំណុលគេ ហេតុអ្វីឧកញ៉ា ឈាង រ័ត្ន ទៅទិញដីនៅកំពត កែប ផ្ទះនៅក្រាំងធ្នង់មានដីច្រើនកន្លែង បើជំពាក់បំណុលមែនមិនមែនដើរទិញដីនោះទេ។ ទន្ទឹមនឹងនេះ អ្នកស្រីស្នើសុំសម្តេចជួយរកយុត្តិធម៌ ដោយហេតុមិនអស់ចិត្តរឿងគេថាកូនជំពាក់បំណុល ព្រោះគាត់ចិញ្ចឹមតាំងពីតូចដឹងចរិតកូន។
ម្តាយឧកញ៉ា ឈាង រ័ត្ន បានបន្តថា ឧកញ៉ា ឈាង រ័ត្ន ត្រូវកំព្រាឪពុកតាំងពីអាយុ៦ឆ្នាំ ហើយខ្លួនជាស្រ្តីមេម៉ាយធ្វើបង្អែមលក់ ប៉ះកង់ ចិញ្ចឹមកូន៣នាក់ ហើយឧកញ៉ា ឈាង រ័ត្ន ជាក្មេងមិនដែលចេះធ្វើបាបរករឿងអ្នកណា តែងតែក្រោកម៉ោង៤ជួយម្តាយធ្វើបង្អែម ពេលថ្ងៃដើរលេងរួចឱ្យតែដល់ម៉ោងត្រូវជួយម្តាយដឹងតែមកហើយ ហើយក៏ជាមនុស្សរៀនពូកែ រៀនមិនចាញ់គេនោះទេ។

អ្នកស្រី លី ហ្គេច បានបន្តទៀតថា កាលពីថ្ងៃទី២៣ អតីតកូនប្រសារ (ស្រីអូន) បានហៅគ្រួសារទៅជុំគ្នានៅបុរីប៉េងហួត និយាយគ្នាពីការលែងលះ ហើយក៏មានការសម្របសម្រួលប៉ុន្តែភាគីខាងអតីតកូនប្រសារមិនព្រមដាច់ខាត ដល់ថ្ងៃទី២៧ ខែកញ្ញា ២០២៣ ឧកញ៉ា ឈាង រ័ត្ន និងស្រីអូន បានផ្តិតមេដៃលែងគ្នារួចរាល់អស់ហើយ។ អ្នកស្រី បន្តថា ពេលលែងលះរួចរាល់ឧកញ៉ា ឈាង រ័ត្ន បានមកនៅជាមួយគាត់ជាង១០ថ្ងៃ ហើយឧកញ៉ា ឈាង រ័ត្ន បាននិយាយទូរសព្ទជារៀងរាល់ថ្ងៃនៅពេលគាត់សួរឧកញ៉ាឈាង រ័ត្ន បានត្រឹមនិយាយថា «ពិបាកខ្លាំងណាស់ម៉ែ»។

ជាចុងក្រោយ អ្នកស្រី លី ហ្គេច បាននិយាយស្នើសុំសម្តេចពុក សម្តេចម៉ែ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយស្រាវជ្រាវរកយុត្តិធម៌ឱ្យកូនប្រុសរបស់ខ្លួនពីមូលហេតុការធ្វើអត្តឃាតព្រោះគាត់មិនអស់ចិត្តទាល់តែសោះនៃរឿងហេតុនេះ៕