ប្រទេសឥណ្ឌា ៖ យោងតាមសារព័ត៌មាន AFP បានចុះផ្សាយថា យ៉ាងហោចណាស់ មានមនុស្សស្លា.ប់ចំនួន១៣នាក់ និងរងរបួ.សប្រមាណ៥០នាក់ទៀត ដោយសារហេតុការណ៍រថភ្លើងដឹកអ្នកដំណើរចំនួន២ខ្សែបានបុកគ្នា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវរវាងទីក្រុង Alamanda និងទីក្រុង Kantakapalle ស្ថិតក្នុងរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា ។
ក្រសួងរថភ្លើងឥណ្ឌាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលខ្សែរថភ្លើងទី១ បានបញ្ឈប់ដំណើរការភ្លាមៗ ដោយសារតែដាច់ខ្សែភ្លើង ទើបបណ្តាលឱ្យរថភ្លើងខ្សែទី២ ដែលធ្វើដំណើរមកពីទិសដៅផ្ទុយគ្នាបុកតែម្តង ។ ហេតុនេះ វាបណ្តាលឱ្យទូរភ្លើងរបស់ខ្សែរថភ្លើងទី១ ដែលកំពុងចតនោះធ្លាក់ពីលើផ្លូវដែក ហើយតាមការស៊ើបអង្កេតជំហានដំបូងបង្ហាញថា វាជាកំហុសឆ្គងរបស់មនុស្ស ។
នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi ថ្លែងថា លោកបានសួរនាំពីហេតុការណ៍នេះជាមួយរដ្ឋមន្ត្រីក្រសួងរថភ្លើងរួចហើយ ហើយលោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងនឹងជួយសង្គ្រោះដល់អ្នករងផលប៉ះពាល់ទាំងអស់ ។ ចំណែកអាជ្ញាធរក្នុងតំបន់ឱ្យដឹងថា អ្នកដំណើរដែលជិះនៅលើរថភ្លើងទាំងពីរខ្សែនេះ គឺស្មើប្រមាណជាង៩០នាក់ ។
ប្រទេសឥណ្ឌាមានបណ្តាញផ្លូវដែកដ៏ធំស្ថិតក្នុងលំដាប់ទី៤ នៅលើពិភពលោក និងតែងតែទទួលរងការរិះគន់រហូតមក ពាក់ព័ន្ធនឹងការខ្វះខាតវិធានការស្តង់ដារសុវត្ថិភាពសម្រាប់អ្នកដំណើរ និងបណ្តាលឱ្យកើតហេតុការណ៍រថភ្លើងបុកគ្នាជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ។ ចំណែកហេតុការណ៍អាក្រក់បំផុតបានកើតឡើងកាលពីឆ្នាំ១៩៨១ គឺរថភ្លើងបានធ្លាក់ចេញពីផ្លូវដែក ខណៈពេលកំពុងបើកឆ្លងស្ពាននៅរដ្ឋផិហាន និងបណ្តាលឱ្យមនុស្សស្លា.ប់រហូតដល់៨០០នាក់ ។
កាលពីខែមិថុនា ឆ្នាំ២០២៣ មានហេតុការណ៍រថភ្លើងចំនួន៣ខ្សែបុកគ្នានៅរដ្ឋអូរិសា និងឆក់យកជីវិតមនុស្សអស់ជិត៣០០នាក់ ។ លើសពីនេះ នៅខែសីហា ឆ្នាំ២០២៣ មានមនុស្សស្លា.ប់យ៉ាងតិច៩នាក់ ដោយសារភ្លើងឆេះទូររថភ្លើងរបស់រថភ្លើងមួយខ្សែដែលចតនៅតំបន់ខាងត្បូងប្រទេសឥណ្ឌា នៅពេលអ្នកដំណើរព្យាយាមឆុងតែផឹក ។ ចំណែកនៅដើមខែតុលា ឆ្នាំ២០២៣នេះ មានអ្នកស្លាប់៤នាក់ទៀត ក្រោយពីរថភ្លើងបានធ្លាក់ចេញពីផ្លូវដែកនៅរដ្ឋផិហាន ៕
ប្រភព ៖ Nation Online










