គម្រោងផ្លូវដែករវាងប្រទេសឡាវ និងវៀតណាមទទួលបានការអនុម័តជាផ្លូវការ និងត្រៀមចាប់ផ្តើមដំណើរការសាងសង់ហើយ ។ គម្រោងនេះនឹងក្លាយជាបណ្តាញតភ្ជាប់ដោយផ្ទាល់រវាងប្រទេសទាំងពីរ ហើយគេដាក់គោលដៅថា វាជាគម្រោងសំខាន់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ។
គម្រោងនេះជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍បណ្តាញផ្លូវដែករវាងក្រុងវៀងចន្ទន៍ និងកំពង់ផែវង់អាង ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ហើយមានផែនការពង្រីករហូតដល់ឆ្នាំ២០៥០ ។ វាជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Deo Ca Group របស់វៀតណាម និងក្រុមហ៊ុន Petroleum Trading Laos Public (PTL) ដែលស្ថិតនៅក្រោមកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ។ វាគ្របដណ្តប់លើផ្លូវចម្ងាយ១០៣គីឡូម៉ែត្រ ដែលចេញពីកំពង់ផែវង់អាង ឆ្លងកាត់ទីក្រុងតាន់អាប់ ទៅកាន់ទីក្រុងមុយ៉ា ។
លោក Chanthone Sitthixay នាយកក្រុមហ៊ុន PTL បានលើកឡើងក្នុងអំឡុងពេលចុះហត្ថលេខាលើការបណ្តាក់ទុនរួមគ្នា នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ថា រថភ្លើងនេះមានសក្តានុពលគ្រប់គ្រាន់ដើម្បីកសាងប្រយោជន៍យ៉ាងសំខាន់ចំពោះសេដ្ឋកិច្ច និងសង្គមរបស់ឡាវ និងវៀតណាម ។ លើសពីនេះ វានឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ហើយគេរំពឹងថា ការសាងសង់នឹងបញ្ចប់រួចរាល់ ព្រមទាំងបើកដំណើរការនៅដើមឆ្នាំ២០២៧ ។
នៅពេលគម្រោងនេះក្លាយជាផ្នែកមួយនៃបណ្តាញផ្លូវដែករវាងក្រុងវៀងច័ន្ទ និងកំពង់ផែវង់អាង វានឹងមានតួនាទីសំខាន់សម្រាប់តភ្ជាប់ប្រទេសឡាវជាមួយពាណិជ្ជកម្មផ្នែកសមុទ្រក្នុងតំបន់, ជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយវៀតណាម ក៏ដូចជាទីផ្សារគោលដៅផ្សេងៗ ដូចជា ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ។
ហេតុនេះ នៅពេលផ្លូវដែកសាងសង់រួចរាល់ វានឹងតភ្ជាប់ទីក្រុងវៀងចន្ទន៍ជាមួយទីក្រុងថាក់ខេក ខេត្តខាំមួន ។ បន្ទាប់មក វានឹងតភ្ជាប់ទៅកាន់ព្រំដែនប្រទេសវៀតណាម និងទៅបញ្ចប់នៅកំពង់ផែវង់អាង ដែលស្ថិតនៅឆ្នេរសមុទ្រភាគកណ្តាលខេត្ត Ha Tinh ប្រទេសវៀតណាម ៕ ប្រភព ៖ AEC connect










