ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ភ្លើងបានឆាបឆេះផ្សារលក់ដូរនៅព្រំដែនឆងចម ស្រុកកាប់ឈឺង ខេត្តសុរិន្ទ ដែលស្ថិតនៅជាប់ខេត្តឧត្តរមានជ័យ ព្រំដែនអូរស្មាច់ ប្រទេសកម្ពុជា ។ ផ្សារនេះមានតូបលក់ដូរជាច្រើនប្រក់ដំបូលស័ង្កសី ដែលដាក់លក់ទំនិញជាច្រើនដូចជា សម្លៀកបំពាក់កីឡា កាបូប ស្បែកជើង និងទំនិញទូទៅ ។ ក្នុងអំឡុងពេលភ្លើងឆេះ មានខ្យល់បក់ផងនោះ ហើយស្របពេលនៅខេត្តសុរិន្ទចូលដល់រដូវរងា ទើបធ្វើឱ្យភ្លើងកាន់តែឆេះខ្លាំងឡើង ។
សារព័ត៌មានថៃចុះផ្សាយថា មានអាជីវករលក់ដូរជាជនជាតិខ្មែរ និងថៃបាននាំគ្នាជញ្ជូនទំនិញចេញពីតូបលក់ដូររបស់ពួកគេ ដែលភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ ។ ប៉ុន្តែអាជីវករខ្លះទៀតបានត្រឹមតែឈរមើលទំនិញដែលត្រូវភ្លើងឆេះ ហើយឱបគ្នាយំប៉ុណ្ណោះ ។
អាជ្ញាធរថៃបានបញ្ជូនរថយន្តពន្លត់ភ្លើងចំនួន៣០គ្រឿងមកកាន់ផ្សារនេះ ហើយពួកគេបានចំណាយពេល១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយការបាញ់ទឹកពន្លត់ ។ អាជ្ញាធរប្រាប់ថា ភ្លើងបានឆេះតូបលក់ដូរក្នុងផ្សារអស់ចំនួន១៣០តូប ហើយខាតបង់ទឹកប្រាក់អស់ជាង៣២០លានបាត ។ ផ្សារនេះធ្លាប់រងគ្រោះដោយសារភ្លើងឆេះម្តងហើយកាលពីឆ្នាំ២០១០ ហើយនៅពេលនោះ ភ្លើងបានឆាបឆេះទំនិញអស់ប្រមាណ៧០% និងខាតបង់ទឹកប្រាក់អស់ច្រើនជាងពេលនេះទៀត ។ ចំណែកមូលហេតុភ្លើងឆេះនៅពេលនោះ គឺបណ្តាលមកពីការផ្ទុះហ្គាសក្នុងតូបលក់ដូរ ហើយភ្លើងក៏បានរាលដាលខ្លាំង និងពន្លត់មិនទាន់ ។
រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះផ្សារលើកនេះ គឺត្រូវរង់ចាំការស៊ើបអង្កេតជំហានដំបូងរបស់អាជ្ញាធរ ។ បើតាមអាជីវករលក់ដូរក្នុងផ្សារនេះប្រាប់ថា មុនពេលកើតហេតុ ពួកគេបានឃើញអំពូលភ្លើងឆេះហើយរលត់វិញជាច្រើនលើក ។
ក្រោយកើតហេតុ លោក Suthiroj Charoenthanasak អភិបាលស្រុកកាប់ឈឺង ខេត្តសុរិន្ទ បានចុះមកត្រួតពិនិត្យនៅផ្សារឆងចម ហើយលោកក៏បានទំនាក់ទំនងជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងៗ ដើម្បីស្វែងរកកន្លែងទុកដាក់ទំនិញនៅសេសសល់ ៕
ប្រភព ៖ ch3plus










