ប្រាសាទព្រះវិហារ ប្រៀបដូចជាប្រាសាទនៃឋានសួគ៌ដែលប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យលើផែនពសុធា បានបង្ហាញខ្លួនយ៉ាងអង់អាចនៅលើកំពូលភ្នំដងរែក ជាមួយនឹងទេសភាពដ៏ស្រស់ស្រាយ សម្រស់ស្រស់ត្រកាលដែលអណ្ដែតលើវេហាប្រកបដោយធម្មជាតិបៃតង រួមទាំងមានខ្យល់អាកាសបរិសុទ្ធ ដែលកូនខ្មែរគ្រប់រូបគួរតែទៅលេងឱ្យបានម្តងក្នុងមួយឆាកជីវិត។
ទិដ្ឋភាពដ៏ស្រស់បំព្រងពណ៌បៃតងខ្ចីនៅរដូវវស្សាលើភ្នំប្រាសាទព្រះវិហារនេះ បានទាក់ទាញភ្ញៀវទេសចរណ៍មួយដ៌សំខាន់នៃបេតិកភ័ណពិភពលោក។ ដូច្នេះ ដើម្បទៅទស្សនាប្រាសាទព្រះវិហារ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ ចេញពីរង្វង់មូលស្រអែម ស្រុកជាំក្សាន្ត ប្រមាណ ២៣គីឡូម៉ែត្រ ទៅកាន់ទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ដែលស្ថិតនៅជើងភ្នំ។ បន្ទាប់មក ភ្ញៀវទេសចរត្រូវជួលរថយន្ត pick up ជិះកាត់ផ្លូវដ៏ពត់ពែន និងចោតខ្លាំង ប្រមាណ ១៥នាទីទៀត ទើបឡើងទៅដល់កំពូលភ្នំដ៏អស្ចារ្យនេះ។
ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ។ ស្ថាបត្យកម្មដ៏ល្អឯកគ្មានគូផ្ទឹមនេះ ត្រូវបានសាងសង់ឡើងលើផែនសិលា ប្រវែង ៨០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ ដែលបានចែកជាគោបរៈចំនួន ៥។
ការទស្សនាប្រាសាទសួគ៌នេះ ចាប់ផ្ដើមចេញពីគោបរៈទី៥ ដែលជាសំណង់មានទំហំតូចជាងគោបរៈដទៃទៀត។ គោបរៈនេះរំលេចទៅដោយក្បាច់ចម្លាក់ដ៏ស្រស់ឆើតឆាយ គួរជាទីទាក់ភ្នែក៕











