ប្រទេសថៃ ៖ វេជ្ជបណ្ឌិតប្រទេសថៃបានដាស់តឿនយុវជនសម័យថ្មី អំពីផលប៉ះពាល់ដោយសារការជក់បារីថា ពួកគេអាចប្រឈមនឹងជំងឺមហារីកមាត់ ។ វេជ្ជបណ្ឌិតថៃបញ្ជាក់ថា បច្ចុប្បន្ន ជនជាតិថៃជាច្រើននាក់បានកើតជំងឺមហារីកមាត់ស្ថិតក្នុងលំដាប់ទី៦ ក្នុងចំណោមអ្នកកាត់ជំងឺមហារីកថ្មីទាំងអស់ ។
នៅខែតុលា ឆ្នាំ២០២៣ វេជ្ជបណ្ឌិតថៃបានចេញសេចក្តីព្រមានមួយទៅកាន់អ្នកជក់បារីថា ពួកគេនឹងរងផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីសារធាតុគូទីន ដែលវាជាសារធាតុផ្សំដ៏សំខាន់របស់ផលិតផលថ្នាំជក់គ្រប់ប្រភេទ ។ សារធាតុនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នកជក់បារីប្រឈមនឹងជំងឺមហារីកមាត់ទៀតផង ។
លោកវេជ្ជបណ្ឌិត Pairot Saonuam ដែលមានតួនាទីជាជំនួយការនាយកគ្រប់គ្រងមូលនិធិគាំទ្រការលើកកម្ពស់សុខភាពលើកឡើងថា នៅក្នុងបារីមានសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ហើយវាជាកត្តាសំខាន់ដែលធ្វើឱ្យកោសិកាមានភាពមិនប្រក្រតីនៅក្នុងមាត់ ។ លើសពីនេះ ភាពក្តៅចេញពីផ្សែងបុរីនឹងជំរុញឱ្យមានការផ្លាស់ប្តូរកោសិកានៅក្នុងមាត់ ហើយនេះគឺជាចំណុចចាប់ផ្តើមដែលបង្កបញ្ហាដល់សុខភាពមាត់ និងបណ្តាលឱ្យកើតជំងឺមហារីកមាត់ ។
តាមការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យប្រចាំសាកលវិទ្យាល័យ Southern California បានបង្ហាញថា ពួកគេបានប្រទះឃើញអ្នកជក់បារីអេឡិចត្រូនិកមាន DNA របស់កោសិកាជំងឺមហារីកមាត់ ហើយវាបានបង្កជំងឺរហូតដល់២.៦ដង ។ ចំណែកអ្នកជក់បារីធម្មតាវិញ មាន DNA របស់កោសិកាជំងឺមហារីកមាត់ចំនួន២.២ដង បើធៀបជាមួយអ្នកមិនធ្លាប់ជក់បារីពីមុន ។
យោងតាមទិន្នន័យរបស់ការិយាល័យសុខភាពមាត់ធ្មេញ នៃនាយកដ្ឋានសុខាភិបាលប្រទេសថៃ ប្រចាំឆ្នាំ២០២៣ បញ្ជាក់ថា ប្រទេសថៃមានពលរដ្ឋកើតជំងឺមហារីកមាត់ខ្ពស់ស្ថិតក្នុងលំដាប់ទី៦ ដោយសារការជក់បារី ក្នុងចំណោមអ្នកកើតជំងឺមហារីកថ្មីទាំងអស់ ៕ ប្រភព ៖ Mono News










