ជាមួយនឹងរឿងអាស្រូវគ្រឿងញៀនទៅលើសិល្បករកូរ៉េថ្មីៗនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកម្សាន្តត្រូវបានគេរាយការណ៍ថាក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ នៅថ្ងៃទី២៦ ខែតុលា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះភ្លាមៗបន្ទាប់ពីការចោទប្រកាន់ទៅលើតារាសម្តែង Lee Sun Kyun និង G-Dragon ដែលហាក់ដូចជាបានបង្អាក់អារម្មណ៍វិនិយោគនៅក្នុងឧស្សាហកម្មដែលពាក់ព័ន្ធ។
លើសពីនេះ ដោយសារតែពាក្យចចាមអារ៉ាមចេះតែកើតមានឡើងធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន HYBE បានធ្លាក់ចុះ១០.៧%, JYP Entertainment ធ្លាក់ចុះ៦.១៧%, SM Entertainment ធ្លាក់ចុះ៥.១៤% និង YG Entertainment ធ្លាក់ចុះ ៧.៨៩% ដែលតួលេខនេះបានធ្លាក់ចុះយ៉ាងខ្លាំង។
ទោះជាយ៉ាងណា ភាគហ៊ុនកម្សាន្តបានស្ទុះងើបឡើងវិញបន្តិចក្នុងការជួញដូរដំបូងនៅថ្ងៃទី២៧ ខែតុលា ដោយសារតែដែលតារាល្បីៗបានបន្តបដិសេធរឿងអាស្រូវគ្រឿងញៀនដែលបានផ្ទុះឡើងនាប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្នុងនោះក្រុមហ៊ុន HYBE បានកើនឡើង ៤.៦៦% JYP Entertainment ៣.៧៩%, និង YG Entertainment កើន២.៩៩%។ យ៉ាងណាមិញ តម្លៃភាគហ៊ុនរបស់ SM Entertainment មិនបានកើននោះទេតែកំពុង ធ្លាក់ចុះខណៈដែលនាយកប្រតិបត្តិមួយចំនួនកំពុងត្រូវបានស៊ើបអង្កេតចំពោះការសង្ស័យនៃការរៀបចំទីផ្សារ ខណៈពេលដែលភាគហ៊ុនកម្សាន្តជាទូទៅបង្ហាញពីការស្ទុះងើបឡើងវិញ។
ទន្ទឹមនឹងនេះ ការចាប់អារម្មណ៍កំពុងកើនឡើងនៅក្នុងនិន្នាការតម្លៃភាគហ៊ុននាពេលអនាគតរបស់ HYBE ដែលបានធ្លាក់ចុះជិត ១១% កាលពីថ្ងៃមុន។ យ៉ាងណាតម្លៃភាគហ៊ុនត្រូវបានបកស្រាយថាបានស្ទុះងើបឡើងវិញ ខណៈដែលតារាល្បីៗដែលពាក់ព័ន្ធរឿងអាស្រូវគ្រឿងញៀនបានបដិសេធពួកគេម្តងមួយៗ។
ថ្មីៗនេះ HYBE បាននិយាយថា «BTS មិនមានអ្វីពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនោះទេ ហើយវាមិនពិតទេ។ យើងមានគម្រោងឆ្លើយតបយ៉ាងខ្លាំងចំពោះការរីករាលដាលពាក្យចចាមអារ៉ាមដោយមិនប្រុងប្រយ័ត្ន»។ តម្លៃភាគហ៊ុនកំពុងស្ទុះងើបឡើងវិញដោយសារសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះ ប៉ុន្តែអារម្មណ៍នៃការវិនិយោគត្រូវបានគេរំពឹងថានឹងនៅតែជាប់គាំងសម្រាប់ពេលនេះ ដោយសារមានក្រុមធំៗជាច្រើននៅក្នុង HYBE ហើយរឿងអាស្រូវគ្រឿងញៀននៅតែគំរាមកំហែងដល់ឧស្សាហកម្មនេះ៕










