ស្ថានការណ៍តម្លៃប្រេងឥន្ធនៈថ្លៃ, តម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង និងអស្ថិរភាពផ្នែកភូមិសាស្ត្រនយោបាយកំពុងតែដាក់សម្ពាធមកលើប្រទេសថៃ, ឥណ្ឌា និងឥណ្ឌូណេស៊ី ដែលស្ថិតក្នុងចំណោមទីផ្សារថ្មីនៅតំបន់អាស៊ី ។ ចំណែកប្រទេសនាំចេញថាមពលដូចជា ម៉ាឡេស៊ី អាចទទួលបានផលប្រយោជន៍ ។
សេដ្ឋវិទូជាច្រើននាក់បានសម្តែងការបារម្ភពីផលប៉ះពាល់ ដែលប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីនឹងរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់រាលដាលកាន់តែខ្លាំង ។ អ្នកកំណត់គោលនយោបាយអាចវាយតម្លៃពីលទ្ធផលនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងផលប៉ះពាល់ដល់ការរីកលូតលាស់ ។ លើសពីនេះ ការកើនឡើងនៃប្រាក់ដុល្លារអាមេរិកអាចបង្កើនហានិភ័យដល់ប្រទេសមានឱនភាពគណនីចរន្តខ្ពស់ផងដែរ ។
ចំណែកតម្លៃប្រេងឆៅបានកើនឡើងជិត២០% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ។ Bloomberg Economics រំពឹងថា តម្លៃប្រេងឆៅអាចកើនឡើងរហូតដល់១៥០ដុល្លារអាមេរិកក្នុង១ធុង (ខណៈតម្លៃបច្ចុប្បន្ន ស្មើនឹង៩០ដុល្លារអាមេរិកក្នុង១ធុង) បើស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តរាលដាលដល់ប្រទេសអ៊ីរ៉ង់ ។
Lavanya Venkateswaran សេដ្ឋវិទូជាន់ខ្ពស់មកពី Oversea-Chinese Banking Corp. Ltd និយាយថា បើតម្លៃប្រេងឥន្ធនៈនៅតែកើនឡើងជាបន្តបន្ទាប់រយៈពេលយូរនោះ ប្រទេសឥណ្ឌា, ថៃ និងឥណ្ឌូណេស៊ី នឹងមានវិបត្តិពាណិជ្ជកម្មកាន់តែច្រើន ។
ទោះយ៉ាងណា សេដ្ឋវិទូមើលឃើញថា ប្រទេសមួយនឹងទទួលបានផលប្រយោជន៍ពីតម្លៃប្រេងឥន្ធនៈកើនឡើង គឺម៉ាឡេស៊ី ទាំងក្នុងល័ក្ខខ័ណ្ឌកំណើន និងស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស ។ គេនឹងឃើញពន្ធនាំចេញ, ពន្ធលើប្រាក់ចំណូលប្រេង និងការបង្កើនភាគលាភពីសហគ្រាសរដ្ឋ Petronas ។ ដូច្នេះ វានឹងបង្កើនចំណូលផ្នែកពន្ធរបស់ប្រទេសនេះ ៕ ប្រភព ៖ AEC connect










