ប្រទេសជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណងដល់ប្រទេសកម្ពុជាដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន ប្រមាណ ៩,៧ លានដុល្លារ ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងនោះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លើលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ។

កាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជួយដល់កិច្ច
ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕May be an image of text