កោះ ហ្វូ គួក (Phu Quoc) ឬប្រជាជនខ្មែរយើងស្គាល់ថាកោះត្រល់ គឺជាកោះធំជាងគេបំផុតនៅប្រទេសវៀតណាម ដោយកោះនេះស្ថិតនៅឈូងសមុទ្រថៃ និងមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីដែនសមុទ្រប្រទេសកម្ពុជា។
កោះនេះ មានទំហំ៥៧៤គីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅប្រមាណជាង២០មុឺននាក់ បើប្រៀបទៅនឹងប្រទេសសិង្ហបុរី កោះនេះមានទំហំតូចជាងតែ២០០ជាងគីឡូម៉ែត្រការ៉េប៉ុណ្ណោះ។
ពលរដ្ឋវៀតណាម បានចាត់ទុកកោះនេះ ជាកោះដែលមានឆ្នេរសមុទ្រសស្អាត រហូតដាក់រហ័សនាមថា “កោះគុជ” ។យោងតាមគម្រោងអភិវឌ្ឍនិងសន្ទុះកសាងនៅពេលបច្ចុប្បន្ន បានធ្វើឱ្យកោះនេះក្លាយជតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយនៅក្នុងតំបន់អាស៊ាន។
ក្រៅពីឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតហើយនោះ នៅលើកោះនេះក៏មានការជិះការប៊ីនពីលើភ្នំ ចុះមកលើផ្ទៃសមុទ្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។
មិនតែប៉ុណ្ណោះ ផ្ទៃដីពាក់កណ្តាលនៅលើកោះនេះ គឺជាឧទ្យានជាតិដ៏ល្បីបំផុតនៅវៀតណាម ដែលមានឈ្មោះថា៖” ឧទ្យានជាតិ ហ្វូ គួក (Phu Quoc)”។
ដើម្បីទៅដល់កោះ ហ្វូ គួក (Phu Quoc) ពលរដ្ឋខ្មែរមាន ជម្រើសពីរ ដោយអាចធ្វើដំណើរតាមយន្តហោះពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ រួចបន្តហោះទៅកាន់កោះហ្វូកគួកតែម្តង។ ម្យ៉ាងទៀត ត្រូវធ្វើដំណើរដោយរថយន្តចេញពី ភ្នំពេញទៅកាន់ព្រំដែនព្រែកចាក ក្នុងទឹកដីខេត្តកំពតរួចបន្តដំណើរទៅកាន់កំពង់ផែខេត្តហាទៀងរបស់វៀតណាម ដោយចំណាយពេលប្រមាណ៦ម៉ោង រួចបន្តដំណើរដោយ ជិះទូកលឿនដែលត្រូវចំណាយពេល១ម៉ោង១០នាទីថែមទៀត ក្នុងចម្ងាយ៤៥គីឡូម៉ែត្រ នោះលោកអ្នកនឹងបានទៅដល់កោះនេះ៕











