វគ្គប្រកួតឈុតតំណាងជាតិនៅក្នុងកម្មវិធី Miss Grand International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាមនឹងមកដល់នៅរាត្រីថ្ងៃទី២០ តុលា នេះដែលបវរកញ្ញាឯក ភឹម ស្រីនោ តំណាងប្រទេសកម្ពុជានឹងនាំយកឈុតស៊ីក្លូ ទៅបង្ហាញនៅលើឆាកអន្តរជាតិនេះផងដែរ។
តាមការបញ្ជាក់ពីផេកផ្លូវការរបស់ Miss Grand Cambodia បានឱ្យដឹងថា ឈុត ស៊ីក្លូ នេះចង់បង្ហាញអំពីការឆ្លងពេលវេលានៃមនុស្សAIក្នុងថ្ងៃអនាគត ទៅកាន់អតីតកាល ដើម្បី ទៅពាំនាំយកយាន្តជំនិះខ្មែរមួយប្រភេទដែលឡាយឡំជាមួយនឹងភាពឆ្នៃប្រឌិតមួយរួមបញ្ចូលគ្នាតែមួយ។ លើសពីនេះទៅទៀត ឈុតនេះគឺជាសារមួយដែលចង់បង្ហាញឱ្យពិភពលោកដឹងថាTechnology AI ដែលជាស្នាដៃរបស់និស្សិតដែលជាកូនខ្មែរធ្លាប់បានបង្តកន្លងមកអស្ចារ្យមិនចាញ់ប្រទេសដទៃឡើយ។
ទន្ទឹមនឹងការខិតខំប្រកួតអស់ពីកម្លាំងកាយចិត្តរបស់ ភឹម ស្រីនោ ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាទាំងមូលអ្នកគាំទ្រវិស័យបរវកញ្ញាក៏បានជំរុញលើកទឹកចិត្តដល់នាងយ៉ាងខ្លាំង ជាពិសេសបានជួយផ្សព្វផ្សាយឱ្យ ភឹម ស្រីនោ មានទាំងបង្ហាញផ្ទាំង LED បវរកញ្ញារូបនេះនៅស្តុប Aeon2 ពេញមួយអាទិត្យពេញចាប់ពីថ្ងៃទី១៩ដល់២៥តុលា រួមទាំងផ្ទាំងផ្សព្វផ្សាយជាច្រើនទៀត។
ជាមួយគ្នានេះដែរ ក្នុងឱកាសទៅចូលរួមក្នុងកម្មវិធីខាងលើរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅប្រទេសវៀតណាម គ្រាន់តែទៅដល់ភ្លាម វត្តី សម្រុកទៅលើកទឹកចិត្ត ផ្តល់កម្លាំង ដល់ ភឹម ស្រីនោ តែម្តង រួមទាំងបានស្នើសុំអ្នកមួយចំនួនដែលមិនពេញចិត្តរិះគន់ ស្រីនោ គួរបញ្ឈប់សកម្មភាពនេះនិងឈប់មានការប្រៀបធៀបគ្នាផ្សេងៗទៅលើម្ចាស់មកុដ Miss Grand Cambodia 2023 រូបនេះផងដែរ។
គួរបញ្ជាក់ផងដែរថា Miss Grand International 2023 វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះដោយមានបេក្ខនារីចូលរួមប្រកួតទាំងអស់ចំនួន៧០នាក់៕










