ប្រទេសអ៊ីស្រាអែល ៖ ក្រុមហាម៉ាស់បានប្រកាសថា ពួកគេនឹងដោះលែងចំណាប់ខ្មាំងជាជនបរទេសទាំងអស់ រួមទាំងជនជាតិថៃផងដែរ នៅពេលស្ថានការណ៍សមស្រប ហើយពួកគេចាត់ទុកថា ក្រុមចំណាប់ខ្មាំងទាំងនេះ ប្រៀបដូចជាភ្ញៀវរបស់ពួកគេដែរ ។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា លោក អាប៊ូ អូបៃដា (Abu Obaida) អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃទី១៦ ខែតុលា ថា ពួកគេនឹងដោះលែងក្រុមចំណាប់ខ្មាំងទាំងអស់ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ខណៈចំណាប់ខ្មាំងទាំងនេះត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួន ។ ពួកគេគឺជាភ្ញៀវរបស់យើង ហើយយើងសូមទោសដែលបានចាប់ខ្លួនពួកគេ ។ ដូច្នេះ ចំណាប់ខ្មាំងបរទេសនឹងត្រូវដោះលែងយ៉ាងពិតប្រាកដ នៅពេលស្ថានការណ៍សមស្រប ។
ក្រុមហាម៉ាស់បានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងប្រមាណពី២០០នាក់ ទៅ២៥០នាក់ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបញ្ជាក់ថា ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួនទៅកាន់តំបន់ Gazana Strip ស្មើចំនួន១៩៩នាក់ ។ ហេតុនេះ វាបានកើនឡើងពីចំនួន១៥៥នាក់ ដែលកងទ័ពអ៊ីស្រាអែលធ្លាប់ប្រកាសនាពេលកន្លងមក ។
ចំណែកលោក មុសា អាប៊ូ ម៉ាហ្សុក (Moussa Abu Marzouk) ជាមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់ក្រុមហាម៉ាស់និយាយថា យើងមិនអាចបញ្ជាក់ពីចំនួនក្រុមចំណាប់ខ្មាំងជនបរទេសឱ្យច្បាស់លាស់ និងមិនទាន់អាចដោះលែងពួកគេទេ ដោយសារប្រទេសអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកនៅតំបន់ Gazana Strip ជាបន្តបន្ទាប់ ។
រីឯលោក ខាលេត មេសាល (Khaled Meshal) ប្រធានការិយាល័យជនភៀសខ្លួនប្រចាំទីក្រុងដូហា ប្រទេសកាតា និងក្នុងឋានៈជាអតីតមេដឹកនាំក្រុមហាម៉ាស់និយាយថា ក្រុមហាម៉ាស់មានអ្វីដែលខ្លួនត្រូវការ គឺពួកគេចង់ឱ្យដោះលែងជនជាតិប៉ាឡេស្ទីនទាំងអស់ ដែលជាប់ក្នុងពន្ធនាគាររបស់ប្រទេសអ៊ីស្រាអែលបច្ចុប្បន្ន ។ ចំណែកអាជ្ញាធរអ៊ីស្រាអែលនៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ពាក់ព័ន្ធនឹងការប្រកាសរបស់ក្រុមហាម៉ាស់ ៕
ប្រភព ៖ Amarin TV










