បុរសជនជាតិថៃម្នាក់បានបាត់បង់លុយរាប់លានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបន្ទោសអតីតគូស្នេហ៍ចំពោះការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុ។ អតីតមហាសេដ្ឋីវ័យ៧០ ឆ្នាំរូបនេះបានអះអាងថានាងបានបោកបញ្ឆោតលោកឱ្យលក់ទ្រព្យសម្បត្តិប្រណីតរួមទាំងរថយន្តប្រណីតៗផងដែរ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន koreaboo កាលពីពេលថ្មីៗនេះ។
តាមប្រភពដដែលបានបញ្ជាក់ថា ស្ត្រីនោះបច្ចុប្បន្នមានអាយុ៤៥ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នាតាមរយៈមិត្តភ័ក្តិកាលពី១៨ឆ្នាំមុន។ មហាសេដ្ឋីរូបនេះដឹងច្បាស់ថាពេលនោះស្រ្តីរូបនោះកំពុងធ្វើការជានារីបំរើសេវាកម្មផ្លូវភេទ។ ទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះនិងនារីនោះបានស្រលាញ់គ្នាហើយសន្យាថានឹងមើលថែនាង ប្រសិនបើនាងឈប់ទាក់ទងជាមួយបុរសផ្សេងទៀត។
ជិតពីរទស្សវត្សរ៍នៃការរស់នៅយ៉ាងឡូយឆាយបានកន្លងផុតទៅហើយ អ្វីដែលមហាសេដ្ឋីថៃនិយាយគឺធ្វើតាមការសន្យារបស់ខ្លួន ដោយបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ស្រ្តីនោះពី ៥០,០០០ ទៅ ១០០,០០០ បាត (ប្រហែល១,៣០០-២,៧០០ដុល្លារ)។ លើសពីនេះ មហាសេដ្ឋីដែលមិនគេមិនបញ្ចេញអត្តសញ្ញាណនេះបានផ្តល់លុយដល់គូស្នេហ៍ជាប្រចាំចំនួន ១០ លានបាត ប្រហែល ២៧០,០០០ ដុល្លារតាមសំណើដោយចំណាយលើថ្លៃមន្ទីរពេទ្យថ្លៃៗរបស់ឪពុកនាងផងដែររួមទាំងបានទិញរថយន្តទំនើបដូចជា Audi, BMW, និង Mercedes-Benz ជូននាងទៀត។ ស្ត្រីរូបនេះបានបញ្ចុះបញ្ចូលមហាសេដ្ឋីចំណាស់នេះឱ្យលក់របស់ថ្លៃៗរាប់ចាប់ពីគ្រឿងអលង្ការ BVLGARI រហូតដល់នាឡិកាដែលមានតម្លៃរាប់សិបលានបាត។
បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះពីរាប់ពាន់លានដុល្លារមកត្រឹមតែក្រោម ១០លានបាតមហាសេដ្ឋីថៃរូបនោះបានរាយការណ៍ករណីនេះទៅប៉ូលីសដោយសង្ឃឹមថានឹងយកទ្រព្យសម្បត្តិរបស់ខ្លួនមកវិញ ព្រមទាំងបញ្ជាក់ថាលោកមិនខ្លាចការរិះគន់ណាមួយដែលអាចកើតមាននោះទេ៕










