ប្រទេសថៃ ៖ នៅដើមខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះតាមតំបន់ផ្សេងៗដើម្បីតាមដាន និងដោះស្រាយបញ្ហាស្ថានការណ៍ទឹកជំនន់ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បាននាំយកអំណោយជាច្រើនមកចែកជូនពលរដ្ឋរស់នៅក្នុងតំបន់ ហើយលោកបញ្ជាក់ថា ពលរដ្ឋថៃគ្រប់រូបនឹងទទួលបានប្រាក់ម្នាក់១ម៉ឺនបាត បើទោះជាគ្មានទូរស័ព្ទដៃក្តី ។
កម្រិតទឹកឡើងខ្ពស់នៅទន្លេឈី បានបណ្តាលឱ្យមានទឹកជំនន់នៅតាមតំបន់កសិកម្មក្នុងស្រុកខាំខឺនកែវ ខេត្តយ៉ាក់សូថន ។ កម្រិតទឹកមានកម្ពស់ចាប់ពី៣០សង់ទីម៉ែត្រ ទៅ៦០សង់ទីម៉ែត្រ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រីថៃ និងក្រុមមន្ត្រីត្រូវជិះរថយន្តមានកម្ពស់ខ្ពស់របស់ភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះថ្នាក់ ចុះមកជួបពលរដ្ឋនៅក្នុងតំបន់ដើម្បីប្រគល់អំណោយផ្សេងៗដល់ពួកគេ ។
ក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រីចូលថ្វាយបង្គំព្រះសង្ឃនៅស្រុកខាំខឺនកែវ ពលរដ្ឋក៏បានសាកសួរពីការវិវឌ្ឍទៅមុខនៃគម្រោងចែកប្រាក់ឌីជីថលចំនួន១ម៉ឺនបាត ហើយលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា សព្វថ្ងៃ រដ្ឋាភិបាលកំពុងអនុវត្តគម្រោងនេះ បើទោះជាមានមតិប្រឆាំងក៏ដោយ ។ ក្រោយពីលោកនាយករដ្ឋមន្ត្រីបានឆ្លើយតបរឿងនេះទៅកាន់ពលរដ្ឋរួចហើយ លោកនាយករដ្ឋមន្ត្រីក៏បានធ្វើដំណើរទៅជួបពលរដ្ឋមួយចំនួនទៀតដែលបានមករង់ចាំ ។ លោកបញ្ជាក់ថា នឹងមានការសាងសង់ស្ពានបន្ថែមទៀតនៅចំណុចមួយចំនួន ដើម្បីឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរ ។
ពលរដ្ឋមកចូលរួម ក៏បាននាំគ្នាថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ដែលមានគម្រោងចែកប្រាក់១ម៉ឺនបាតដល់ពលរដ្ឋ ។ ក្នុងចំណោមពលរដ្ឋទាំងនោះ លោកយាយម្នាក់ អាយុ៧០ឆ្នាំ បានប្រាប់លោកនាយករដ្ឋមន្ត្រីថា លោកយាយសប្បាយចិត្តណាស់ ដែលរដ្ឋាភិបាលមានគម្រោងចែកប្រាក់ឌីជីថលឱ្យពលរដ្ឋ ។ លោកយាយបន្តថា លោកយាយក៏ខ្លាចដែរថា នឹងមិនបានទទួលប្រាក់នេះ ព្រោះយាយគ្មានទូរស័ព្ទដៃប្រើប្រាស់ ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា មិនចាំបាច់មានទូរស័ព្ទដៃទេ ឱ្យតែមានអត្តសញ្ញាប័ណ្ណសញ្ជាតិថៃ គឺពលរដ្ឋគ្រប់រូបនឹងទទួលបានប្រាក់ចំនួន១ម៉ឺនបាតពីរដ្ឋាភិបាល ។
ក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ធ្វើដំណើរចាកចេញពីតំបន់នេះ ដោយសារតែកម្រិតទឹកជំនន់ឡើងខ្ពស់បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រីត្រូវដើរឆ្លងកាត់ទឹក ដើម្បីយកអំណោយទៅចែកជូនពលរដ្ឋក្នុងតំបន់រងគ្រោះដោយទឹកជំនន់ ។ លោកបានផ្តល់កម្លាំងចិត្តទៅកាន់ពលរដ្ឋថា សូមឱ្យតស៊ូ និងអត់ធ្មត់បន្តទៀត ៕ ប្រភព ៖ Thai PBS










