អូស្ត្រាលី៖ ប្រទេសអូស្ត្រាលី នឹងអនុម័តផែនការសាងសង់អគារកម្ពស់ ១៩១.២ ម៉ែត្រ ដោយប្រើបន្ទះក្តារ រួមជាមួយនឹងបេតុងពង្រឹង ដែលអគារខ្ពស់នេះមានឈ្មោះថា C៦។
យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែតុលាថា អគារនេះនឹងមានកម្ពស់ជិតពីរដងនៃកំណត់ត្រាពិភពលោកបច្ចុប្បន្ន ដូច្នេះនៅពេលសាងសង់រួចរាល់ អគារខ្ពស់កប់ពពក C៦ នឹងក្លាយជាអគារកូនកាត់បេតុងឈើខ្ពស់ជាងគេបំផុតលើពិភពលោក។
គម្រោងអាគារថ្មី C៦ នឹងមានកម្ពស់ ៥០ ជាន់ រួមជាមួយអាផាតមិនជាង ២០០ ដែលធ្វើឱ្យវាក្លាយជាអគារផ្ទះល្វែងអព្យាក្រឹតកាបូនដំបូងគេនៅភាគខាងលិចប្រទេសអូស្ត្រាលី។ ដូច្នេះ ប្រហែល ៤២% នៃប៉មនេះនឹងត្រូវបានសាងសង់ពីឈើចំនួន ៧៤០០ ម៉ែត្រគូប ដែលប្រមូលបានពី ៦០០ ដើម ដោយមានសសរ និងស្នូលធ្វើពីបេតុងពង្រឹង រួមទាំងបញ្ចូលគ្នានូវធ្នឹមឈើដែលមានគ្រោងឆ្អឹងដែកដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ។ លើសពីនេះ ផែនការរបស់ក្រុមហ៊ុនក៏រួមបញ្ចូលនូវទីធ្លាពណ៌បៃតងជាច្រើនដូចជា សួនច្បារនៅលើដំបូលអគារ កសិដ្ឋានក្នុងទីក្រុង ក៏ដូចជាផ្តល់ឱ្យអ្នកស្រុកនូវរថយន្តអគ្គិសនី Tesla Model ៣s ចំនួន ៨០ គ្រឿងផងដែរ។
លោក Philip Oldfield សាស្ត្រាចារ្យរងផ្នែកស្ថាបត្យកម្ម និងជានាយកសាលាបរិស្ថានសាងសង់នៅសាកលវិទ្យាល័យ New South Wales បាននិយាយថា បរិស្ថាននៃគម្រោងនេះគឺមានគុណភាពល្អបំផុត។ លោក Oldfield ក៏បានបន្តទៀតថា “ជាធម្មតាយើងសាងសង់អគារខ្ពស់ៗពីដែកថែប និងបេតុង ដោយស៊ីម៉ងត៍ទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន CO2 សរុបចំនួន ៨% ។ ដូច្នេះ ការជំនួសបេតុង និងដែកដោយប្រើជីវវត្ថុធាតុដូចជាឈើនឹងកាត់បន្ថយផលប៉ះពាល់បរិស្ថានយ៉ាងសំខាន់នៃអគារ៕










