យោងតាមរបាយការណ៍របស់គេហទំព័រ Cable.co.uk បង្ហាញថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៥ លើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ាន គឺជាប្រទេសមានតម្លៃអ៊ីនធើណេតចល័ត (Mobile Data) 1 GB ថោកបំផុត ។ ចំណែកប្រទេសឡាវបានជាប់ចំណាត់ថ្នាក់ទី១៤ លើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី២ នៅតំបន់អាស៊ាន គឺជាប្រទេសមានតម្លៃអ៊ីនធើណេតចល័ត (Mobile Data) 1 GB ថោកបំផុត ។

របាយការណ៍នេះ គឺជាការប្រៀបប្រៀបគម្រោងទិន្នន័យអ៊ីនធើណេតចល័តចំនួន៥.៦០៣គម្រោងនៅប្រទេសចំនួន២៣៧ ។ គេហទំព័រ Cable.co.uk បានប្រមូលផ្តុំទិន្នន័យ និងធ្វើការវិភាគដើម្បីប្រៀបធៀបតម្លៃអ៊ីនធើណេតចល័តក្នុង 1 GB នៅប្រទេសនានាលើពិភពលោក ។

ចំណែកអ៊ីស្រាអែលជាប្រទេសមានតម្លៃអ៊ីនធើណេតចល័តក្នុង 1 GB ថោកបំផុតលើពិភពលោក ដោយមានតម្លៃត្រឹមតែ០.០២ដុល្លារអាមេរិកប៉ុណ្ណោះ ។ មូលហេតុដែលធ្វើឱ្យសេវាអ៊ីនធើណេតចល័តមានតម្លៃថោកនៅអ៊ីស្រាអែល គឺដោយសារការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លារបស់ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេតនៅប្រទេសអ៊ីស្រាអែល ។ ដូច្នេះ ទើបធ្វើឱ្យប្រទេសនេះផ្តល់សេវាកម្មទិន្នន័យអ៊ីនធើណេតទ្រង់ទ្រាយធំ ដែលគ្របដណ្តប់ទាំងបណ្តាញ 4G LTE និង 5G ។

ទោះយ៉ាងណា ប្រទេសឡាវបានជាប់ចំណាត់ថ្នាក់ទី១៤ លើពិភពលោក ជាមួយប្រទេសរុស្ស៊ី និងស្រីលង្កា ដោយតម្លៃអ៊ីនធើណេតជាមធ្យមស្មើប្រមាណ០.២៥ដុល្លារអាមេរិកក្នុង 1 GB ។ ចំណែកតម្លៃអ៊ីនធើណេតជាមធ្យមនៅប្រទេសកម្ពុជា ស្មើប្រមាណ០.១២ដុល្លារអាមេរិកក្នុង 1 GB ។ រីឯប្រទេសមីយ៉ាន់ម៉ា, សិង្ហបុរី និងហ្វីលីពីន មិនបានជាប់ចំណាត់ថ្នាក់កំពូលចំនួន៥០ប្រទេសទេ ។

Dan Howdle ជាអ្នកវិភាគពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតប្រចាំ Cable.co.uk លើកឡើងថា វាជារឿងគួរឱ្យរីករាយណាស់ដែលបានឃើញតម្លៃអ៊ីនធើណេតចល័តចុះថោកនៅលើពិភពលោក ហើយប្រទេសភាគច្រើនបានស្នើសុំតម្លៃទាបជាង២ដុល្លារអាមេរិកក្នុង 1 GB ។ ហេតុនេះ វាជាភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីអ្វីដែលគេធ្លាប់ឃើញកាលពីឆ្នាំ២០១៩ ៕ ប្រភព ៖ AEC connect