ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «Thailand Economic Outlook 2024 Change the Future Today» ដែលរៀបចំឡើងដោយសារព័ត៌មានថៃ ថា ការលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសថៃ រដ្ឋាភិបាលកំពុងតែពិចារណាពន្យារពេលបិទក្លិបរាត្រីនានាដើម្បីជួយជំរុញវិស័យទេសចរណ៍ ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីលើកឡើងថា បច្ចុប្បន្ន ប្រទេសថៃមានប្រៀបលើគ្រប់ផ្នែកទាំងអស់ ប៉ុន្តែយើងបានផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ប្រទេសថៃតិចនៅឡើយ និងការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «ប្រសិនបើរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ ដោយអនុញ្ញាតឱ្យក្លិបរាត្រីនានាអាចបើកទទួលភ្ញៀវក្នុងរយៈពេល២៤ម៉ោង វាក៏អាចប្រឈមជាមួយបញ្ហាជាច្រើនដូចជា បញ្ហាសង្គម និងបញ្ហាសន្តិសុខ ។ ដូច្នេះ យើងត្រូវគិតឡើងវិញថា តើការបិទក្លិបរាត្រីនៅម៉ោង១ភ្លឺ តើវាគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងជាមួយទីក្រុងផ្សេងៗនៅទូទាំងពិភពលោកដែរឬទេ ? ក្នុងឋានៈប្រទេសថៃចង់ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ប្រចាំតំបន់អាស៊ាន» ។![]()
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា យើងត្រូវមើលថា តើការបិទក្លិបរាត្រីនៅម៉ោង១ភ្លឺ សមល្មមដែរឬទេសម្រាប់ប្រទេសថៃ ? បើមិនសមល្មមទេ យើងត្រូវតែសាកល្បងគិតជាថ្មី ហើយទទួលស្គាល់ការពិតថា តើយើងគួរតែពន្យារពេលបិទក្លិបរាត្រីដែរឬទេ ? គួបផ្សំនឹងការយកពន្ធផ្សេងៗដែលនឹងធ្វើឱ្យប្រទេសថៃល្អប្រសើរឡើង ។ ហេតុនេះ រដ្ឋាភិបាលបានចាប់ផ្តើមលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនមុនគេ ។ លើសពីនេះ នៅមានគោលនយោបាយជាច្រើនទៀតដែលត្រូវបង្កើតឡើងមក ដើម្បីគាំទ្រឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ប្រចាំតំបន់អាស៊ាន និងជាប្រទេសគោលដៅរបស់ភ្ញៀវទេសចរបរទេស ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលជឿជាក់ថា ប្រសិនបើប្រទេសថៃបានជំរុញគោលនយោបាយនានាឱ្យល្អនោះ គឺវានឹងមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ហើយលោកចង់ឱ្យមានការផ្សព្វផ្សាយព័ត៌មានទាំងពីរផ្នែក ។ គ្រប់ស្ថាប័នទាំងអស់អាចជជែកគ្នាត្រង់ទៅត្រង់មក ព្រមទាំងមានការផ្តល់យោបល់ប្រកបដោយភាពច្នៃប្រឌិតផងដែរ ៕ ប្រភព ៖ Bangkok biznews










