នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសជិត២ម៉ឺននាក់នៅ ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”ចំពោះករណីការកសាង សំណង់មួយកន្លែង ស្ថិតនៅវត្តភូម៉ានហ្វា ប្រទេសថៃស្រដៀងប្រាសាទអង្គរខ្មែរនោះ សម្តេចបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ក្នុងឱកាសលោកបំពេញទស្សនកិច្ចនៅកម្ពុជាកន្លងមក ដោយទុកលទ្ធភាពឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ថៃធ្វើការជាមួយគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖” ខ្ញុំបានឱ្យក្រសួងវប្បធម៌ចរចា ជាមួយក្រសួងវប្បធម៌ថៃនិងតាមដានរហូត”។
សូមបញ្ជាក់ផងដែរថា ករណីសំណង់ខាងលើនេះបានផ្ទុះឡើងតាំងពីអំឡុងឆ្នាំ២០២១ ក៏ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុនបានផ្ទុះឡើងវិញ នៅលើបណ្តាញសង្គម ដោយក្រសួង ក៏បានចេញលិខិតបកស្រាយបំភ្លឺ និងសន្យាបន្តតាមដានលើបញ្ហានេះផងដែរ៕










