ទីបំផុតគ្រូបង្វឹក ពេជ្រ សោភា មានកូនក្រុមក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ ជាលើកដំបូងហើយបន្ទាប់ពីគ្រូបង្វឹក ឆន សុវណ្ណារាជ និង ឱក សុគន្ធកញ្ញា គឺបានទៅលើ លឹម សេរីហាន់នីកា។ នីកា គឺជាម្ចាស់ពានដំបូងនៅក្នុងកម្មវិធីនេះជានារី មិនត្រឹមតែប៉ុណ្ណោះម្ចាស់ពានរូបនេះទទួលបានត្រឹមមួយកៅអីតែអាចទទួលបានភាពជោគជ័យធំក្នុងជីវិតខណៈមានវ័យត្រឹម១៦ឆ្នាំ។
បន្ទាប់ពីឆ្លងកាត់ច្រើនវគ្គ និងប្រកួតយ៉ាងស្វិតស្វាញបំផុតនៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ បានរកឃើញម្ចាស់ពានរដូវកាលថ្មីហើយគឺបានទៅលើបេក្ខនារី លឹម សេរីហាន់នីកា កូនក្រុម ពេជ្រ សោភា បន្ទាប់ពីទទួលបានផ្ញើសារគាំទ្រច្រើនពីទស្សនិកជនលើសបេក្ខជន សាល បាទី កូនក្រុមលោក ឆន សុវណ្ណារាជ, បេក្ខនារី គឹម សុវណ្ណ កូនក្រុមអ្នកនាង ឱក សុគន្ធកញ្ញា និង បេក្ខជន សួន សុវណ្ណចន្នី កូនក្រុមលោក ណុប បាយ៉ារិទ្ធ។
ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអញ្ជើញជាគណៈអធិបតីប្រគល់ប្រាក់រង្វាន់ ១០០លានរៀល ទៅដល់ម្ចាស់ជ័យលាភី និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានផ្តល់កិត្តិយសជាគណៈអធិបតីប្រគន់ពានទៅដល់ លឹម សេរីហាន់នីកា។ នាឱកាសនេះដែរសម្តេចតេជោ ហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ឧបត្ថម្ភទៅដល់ក្នុងបេក្ខជន Top4 នៅក្នុងកម្មវិធីក្នុងម្នាក់ទទួលបានចំនួន៥លានរៀល។
នេះគឺជាភាពជោគជ័យមួយដែលគ្រូបង្វឹក ពេជ្រ សោភា អាចសាងកំណត់ត្រាសម្រាប់ខ្លួនឯងមានកូនក្រុមជាម្ចាស់ពានជាលើកដំបូងបន្ទាប់ពីរបូតឱកាសរដូវកាលទី១ និងទី២។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នេះក៏ជាលើកដំបូងហើយដែលកម្មវិធីប្រកួតនេះមានម្ចាស់ពានជានារីដោយម្ចាស់ពានមុនៗសុទ្ធតែជាបុរស។
លើសពីនេះទៅទៀត នីកា ជាម្ចាស់ពានដែលទទួលបានត្រឹមមួយកៅអីប៉ុណ្ណោះក្នុងវគ្គ Blind Audition ក្នុងវិនាទីចុងក្រោយដែលគ្រូបង្វឹក ពេជ្រ សោភា ចុចយក។ ក្រោមការហ្វឹកហាត់ជាបន្តបន្ទាប់បេក្ខនារីរូបនេះកាន់តែមានភាពលេចធ្លោ និងសមត្ថភាពកើនឡើងយ៉ាងខ្លាំងទោះបីជាក្មេងជាងគេនៅក្នុងកម្មវិធីក្តី ប៉ុន្តែនីកា មានសមត្ថភាពមិនធម្មតារហូតអាចចូលក្នុងតារាងអន្តរជាតិ Best The Voice ពីរសប្តាហ៍ជាប់គ្នាឯណោះ។
សមត្ថភាពនេះហើយជំរុញឱ្យក្មេងស្រីខេត្តកំពង់ធំនេះនៅក្នុងរាត្រីវគ្គផ្តាច់ព្រ័ត្រមានទាំងសមត្ថភាព មានទាំងប្រជាប្រិយភាពអាចទាញបេះដូងទស្សនិកជនផ្ញើសារគាំទ្រច្រើនរហូតទទួលជ័យជម្នះក្លាយជាម្ចាស់ពានរដូវកាលថ្មីក្រោមការសាទរយ៉ាងច្រើនពីសំណាក់មហាជន៕











