ប្រទេសចិន ៖ នំសែនព្រះខែ បន្លែ និងផ្លែឈើជាច្រើនមុខបានលក់ដាច់ជាបន្តបន្ទាប់ក្នុងរដូវកាលសែនព្រះខែនៅប្រទេសចិន ឬ Mid-Autumn Festival ។ គេសង្កេតឃើញថា មានពលរដ្ឋចិនជាច្រើននាក់បាននាំគ្នាមកឈរតម្រង់ជួររង់ចាំទិញនំសែនព្រះខែដ៏សែនឆ្ងាញ់ នៅតាមបណ្តាហាងនានា ។
គេបានធ្វើនំសែនព្រះខែតាមរូបមន្តដើម គឺមានស្នូលសាច់, សណ្តែក និងស៊ុតប្រៃ ហើយនំទាំងនេះទទួលបានការពេញនិយមនៅទីក្រុងសៀងហៃ ។ ហាងលក់នំសែនព្រះខែមួយចំនួនបានប្រឹងប្រែងធ្វើនំនេះឡើងឱ្យមើលទៅទាន់សម័យ ដើម្បីឱ្យយុវជនជំនាន់ថ្មីចាប់អារម្មណ៍ ។ ចំណែកហាងលក់នំសែនព្រះខែមួយកន្លែងនៅទីក្រុងប៉េកាំងរំពឹងថា នៅឆ្នាំ២០២៣ នឹងអាចលក់នំសែនព្រះខែបានច្រើនជាងឆ្នាំមុនៗ ខណៈការលក់បន្លែ និងផ្លែឈើ ក៏បានកើនឡើងខ្ពស់ដូចគ្នាដែរ ។
អ្នកនាង Shi Yan នាយករងហាង Beijing Daoxiangcun និយាយថា ៖ «យោងតាមទិន្នន័យឃើញថា ចំនួនការលក់នំសែនព្រះខែនៅឆ្នាំ២០២៣នេះ នឹងកើនឡើងយ៉ាងពិតប្រាកដ បើធៀបនឹងឆ្នាំ២០២២» ។
រោងចក្រផលិតនំសែនព្រះខែនៅខេត្តក្វាងទុង បានដំឡើងគ្រឿងម៉ាស៊ីនផលិតទាំងអស់ ដើម្បីបង្កើនការផលិតនំសែនព្រះខែឱ្យទាន់តម្រូវការរបស់អតិថិជន ។ រីឯការិយាល័យគយប្រចាំខេត្តក្វាងទុងបញ្ជាក់ថា ចាប់ពីខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តម្លៃការនាំចេញនំសែនព្រះខែរបស់ចិន គឺស្មើជាង៥១លានយាន់ ។
នៅឆ្នាំ២០២៣ មានការបន្ថែមថ្ងៃឈប់សម្រាកនៅប្រទេសចិន គឺចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ហើយប្រទេសចិននឹងប្រារព្ធពិធីបុណ្យជាតិ គឺថ្ងៃទី១ ខែតុលា ។ រីឯពិធីបុណ្យសែនព្រះខែ ប្រទេសចិនបានប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ហើយវាជាពិធីបុណ្យមួយដែលក្រុមគ្រួសារជនជាតិចិនបានចំណាយពេលនៅជុំគ្នា ៕ ប្រភព ៖ TNN World










