បរទេស៖ វីរុស Metapneumo (hMPV) ដែលជាមេរោគរលាកសួតចំពោះមនុស្ស កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី។
យោងតាមប្រភពព័ត៌មាន Australian Broadcasting corporation ដែលបានរាយការណ៍នៅថ្ងៃទី២៨ ខែកញ្ញាថា ចាប់តាំងពីដើមខែកញ្ញា រហូតដល់ថ្ងៃទី ២០ កញ្ញា មានករណីវិជ្ជមានសរុបចំនួន ១,១៦៨ ករណីដែលឆ្លងមេរោគរលាកសួត Metapneumo (hMPV)។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះយោងតាមអ្នកជំនាញ បាននិយាយថា មិនមែនមានតែរដ្ឋ New South Wales ទេដែលឆ្លងវីរុសនេះ សូម្បីតែក្នុងរដ្ឋផ្សេងៗទៀតក៏មានឆ្លងមេរោគ (hMPV) ផងដែរ។
hMPV គឺជាមេរោគដែលមានរោគសញ្ញាមិនខុសពីជំងឺផ្តាសាយធម្មតានោះទេ។ រោគសញ្ញារបស់វាក៏ស្រដៀងទៅនឹង COVID-១៩ ផងដែរ ដែលជាវីរុស syncytial ផ្លូវដង្ហើម (RSV) នឹងមានលក្ខណៈហ្សែនស្រដៀងទៅនឹង hMPV។ hMPV ជាធម្មតាច្រើនតែកើតមានឡើងនៅរដូវរងារ និងរដូវផ្ការីក។ ចំពោះកុមារតូចៗ មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ គឺងាយនឹងកើតជំងឺនេះធ្ងន់ធ្ងរបំផុត។ ទោះជាយ៉ាងណាក៏ដោយ វីរុស hMPV មិនអាចសម្លាប់មនុស្សបានភ្លាមៗទេ ប៉ុន្តែវាអាចបណ្តាលឱ្យអ្នកជំងឺរលាកសួតធ្ងន់ធ្ងរ។
ដូច្នេះហើយ បច្ចុប្បន្ននេះ មេរោគរលាកសួត hMPV នៅតែបន្តរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលី ដោយមិនទាន់មានវ៉ាក់សាំងណា ឬវិធីសាស្ត្រផ្លូវការដើម្បីព្យាបាលជំងឺដែលបណ្តាលមកពីវីរុស hMPV នោះទេ៕
ប្រភព៖cafef.com










