អតីតបេក្ខជនកម្មវិធី The Voice Cambodia រដូវកាលទី៣ ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង បានឆ្លើយតបយ៉ាងសុភាពរាបសារជុំវិញចំពោះមតិអ្នកមួយមួយក្នុងន័យផ្លែផ្កាឱ្យលោកថាប្រលងចម្រៀងធ្លាក់មកធ្វើជាពិធីករអានព័ត៌មានវិញ។

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុករបស់សិល្បករ តីងតុង និងជាអតីតបេក្ខជនកម្មវិធី The Voice បានបង្ហោះវីដេអូខ្លីមួយក្នុងនាមជាពិធីករអានព័ត៌មាន។ ទន្ទឹមនឹងនេះ ស្រាប់តែអ្នកលេងបណ្តាញសង្គមមួយចំនួនចូលទៅបញ្ចេញមតិផ្លែផ្កាដាក់លោក។

អ្នកលេងបណ្តាញសង្គមបានសរសេរថា «ចុម ប្រលងធ្លាក់មកធ្វើពិធីករហ្មង, ប្រលងចម្រៀងមកជាប់ពិធីករ, ទៅចឹងវិញ…» មិនឆ្លើយតបគ្រប់ខម្មិនក្តីតែលោកបានតបមតិមួយដោយបានសរសេរថា «បាទបង មិនមានធ្លាក់ខ្លួនអីទេ ការងារប្រចាំថ្ងៃយូរហើយ។ ប្រលងជាប់ក៏ធ្វើ ធ្លាក់ក៏នៅតែធ្វើ»។

ទោះបីជាអ្នកមួយចំនួនហាក់សើចចំអកផ្លែផ្កាដាក់លោកក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានពោលសរសើរលោកផងដែរថាមានសំឡេងពីរោះ និងអ្នកខ្លះក៏បានបញ្ចេញមតិតបតអ្នករិះគន់ជំនួសលោកដែរថា «ការងារគាត់ទោះគាត់ធ្លាក់ហើយមកធ្វើរឺធ្វើពីមុនមកក៏ដោយមានអីគួរឱ្យអស់សំណើចមែនឆក់ប្លន់ណា»។

គួរបញ្ជាក់ថាមុនលោក ឈិត សុវណ្ណនិមិត្ត ចូលរួមប្រកួតចម្រៀងលំដាប់ពិភពលោកនោះការពិតលោកជាសិល្បករពេញដោយទេពកោសល្យទៅហើយទាំងចម្រៀងសម័យទាំងបុរាណគឺលោកអាចធ្វើបានគ្រប់ទម្រង់។ តីងតុង បានធ្លាក់ចេញពីកម្មវិធី The Voice Cambodia រដូវកាលទី៣ ក្នុងវគ្គ Live Show សប្តាហ៍ទី៣៕