ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបង្ហោះបទចម្រៀងក្នុងហ្វេសប៊ុក ដែលរាជរដ្ឋាភិបាលកម្ពុជានិពន្ធឡើងដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃមកកាន់ទឹកដីកម្ពុជា ។ លោកនាយករដ្ឋមន្ត្រីថៃសរសេរថា ៖ «ខ្ញុំមកកាន់ប្រទេសកម្ពុជាថ្ងៃនេះ (ថ្ងៃទី២៨ ខែកញ្ញា) ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយខ្ញុំមានឱកាសសម្តែងការអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយខ្លួនខ្ញុំផ្ទាល់ ។ សម្តេចជាមេដឹកនាំប្រទេសដំបូងគេ ដែលបានទូរស័ព្ទមកសម្តែងក្តីត្រេកអរដល់ខ្ញុំ ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី» ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានសរសេរក្នុងហ្វេសប៊ុកទៀតថា ៖ «សំខាន់ជាងនេះទៀត ខ្ញុំមានអារម្មណ៍រីករាយបំផុតដែលប្រទេសកម្ពុជា និងថៃ មានគោលដៅដូចគ្នា គឺជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំគ្រប់ផ្នែក ។ យើងនឹងលើកកម្ពស់កិច្ចសហការផ្នែកពាណិជ្ជកម្ម, ទេសចរណ៍, ការវិនិយោគ, ការអភិវឌ្ឍតំបន់ជាយដែន និងវិស័យសេដ្ឋកិច្ចថ្មី ។ លើសពីនេះ យើងនឹងរួមគ្នាផ្តល់ភាពងាយស្រួលដើម្បីបង្កើនបរិមាណពាណិជ្ជកម្មឱ្យសម្រេចគោលដៅចំនួន១សែន៥ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៥ រួមទាំងជំរុញផ្នែកដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយពន្លឿនការបើកសម្ពោធស្ពានមិត្តភាពនៅតំបន់បានណងអៀន និងស្ទឹងបត់» ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា ៖ «ប្រទេសកម្ពុជា និងថៃ មានសក្តានុពលបង្កើនកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍វេជ្ជសាស្ត្រ និងសុខភាព ដែលខ្ញុំបានស្នើឱ្យប្រទេសកម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ប័ណ្ណព្រំដែនបណ្តោះអាសន្ន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមព្រំដែន ។ ហេតុនេះ វាជាការគាំទ្រការវិនិយោគរវាងប្រទេសទាំងពីរថែមទៀត ហើយយើងនឹងគាំទ្រ SMEs និងក្រុមហ៊ុនប្រកបអាជីវកម្មថ្មីរបស់ប្រទេសយើងទាំងពីរផងដែរ» ។
ចុងក្រោយ លោកនាយករដ្ឋមន្ត្រីលើកឡើងថា ៖ «សូមអរគុណបទចម្រៀងពិរោះៗដែលរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តនិពន្ធឱ្យខ្ញុំ ព្រមទាំងគណៈប្រតិភូថៃ នៅក្នុងឱកាសមកទស្សនកិច្ចនៅកម្ពុជាលើកនេះផងដែរ ។ បទចម្រៀងពិរោះណាស់ ហើយខ្លឹមសារបទចម្រៀងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងខ្លាំង» ៕ ប្រភព ៖ khaosod










