ប្រទេសថៃ ៖ បច្ចុប្បន្ន សំរាមជាច្រើនប្រភេទត្រូវបានគេបោះចោលនៅលើវាលស្មៅខាងក្រោយវត្តព្រះធាតុ ឃុំប្រាក់ទូឆ័យ ស្រុកព្រះនគរស្រីអយុធ្យា ដែលធ្វើឱ្យប៉ះពាល់ដល់បរិវេណប្រាសាទបុរាណរបស់ខេត្ត ។ បរិវេណនេះ គឺជាផ្លូវថ្មើរជើងទៅកាន់កន្លែងបុរាណផ្សេងទៀត ដែលមានភ្ញៀវទេសចរធ្វើដំណើរទៅមកជាប្រចាំ ។ ពលរដ្ឋរស់នៅក្នុងតំបន់បានស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាសំរាមនេះជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ។
បញ្ហាសំរាមទាំងនេះមកពីភ្ញៀវទេសចរជាអ្នកបោះចោលខ្លួនឯង ព្រមទាំងអ្នករស់នៅក្នុងតំបន់ផងដែរ ។ លើសពីនេះ តែងមានក្រុមយុវវ័យមកអង្គុយជក់បារីនៅលើផ្លូវជាញឹកញាប់ រហូតដល់ភ្ញៀវទេសចរមិនហ៊ានដើរឆ្លងកាត់ ។ អភិបាលខេត្តព្រះនគរស្រីអយុធ្យាធ្លាប់បានជូនដំណឹងជាច្រើនលើកឱ្យពលរដ្ឋថៃ និងភ្ញៀវទេសចរទាំងអស់ជួយគ្នាថែរក្សាអនាម័យនៅបរិវេណប្រាសាទបុរាណ ប៉ុន្តែនៅតែមានការចោលសំរាមជាហូរហែ ។
ក្រុមអ្នកសារព័ត៌មាន Thai PBS បានដើរត្រួតពិនិត្យមើលបរិវេណនៅក្បែរៗនោះឃើញថា ខ្វះខាតធុងសំរាមដាក់នៅចំណុចនីមួយៗ ។ កន្លងមក អ្នកលេងបណ្តាញសង្គមបានចែកចាយរូបភាពសំរាម និងសម្លៀកបំពាក់ ដែលគេបានបោះចោលនៅបរិវេណចេតិយព្រះស័ង្ខាបាត់ រហូតដល់បាត់បង់សោភ័ណភាព និងមិនគួរឱ្យមើលទេ ។ ប៉ុន្តែក្រោយមក ភ្នាក់ងារសម្អាតបានប្រមូលសំរាមចេញពីបរិវេណនេះរួចអស់ហើយ ។
ពាក់ព័ន្ធនឹងការចោលសំរាមផ្តេសផ្តាសនៅបរិវេណប្រាសាទបុរាណ ពលរដ្ឋរស់នៅខេត្តអយុធ្យាបានសម្តែងក្តីបារម្ភថា វានឹងប៉ះពាល់ដល់វិស័យទេសចរណ៍ ក្នុងឋានៈប្រាសាទបុរាណនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ប្រសិនបើបញ្ហាចោលសំរាមកាន់តែរាលដាលច្រើនជាងនេះ ប្រាសាទបុរាណអាចត្រូវបានគេដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ។ ហេតុនេះ ពលរដ្ឋសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះ ដោយអនុវត្តវិធានការតឹងរ៉ឹង និងដោះស្រាយជាបន្តបន្ទាប់ ៕ ប្រភព ៖ Thai PBS










