ប្រទេសថៃ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃដំបូងដែលប្រទេសថៃចាប់ផ្តើមអនុវត្តវិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានឱ្យមកកម្សាន្តនៅប្រទេសថៃ ហើយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ិន បានធ្វើដំណើរទៅទទួលភ្ញៀវទេសចរចិននៅអាកាសយានដ្ឋានសុវណ្ណភូមិដោយផ្ទាល់ ។ ចំណែកក្រុមហ៊ុនឯកជនបានស្នើឱ្យរដ្ឋាភិបាលដំឡើងកម្មវិធី PromptPay ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។
ប្រទេសថៃបានកំណត់វិធានការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ដោយអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបមានរយៈពេល៥ខែ ។
លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីមកពីស្ថាប័នផ្សេងៗបានធ្វើដំណើរមកកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចិន ដោយការប្រគល់កម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរចិន ដែលបានធ្វើដំណើរតាមជើងហោះហើរ Thai Air Asia X និងជើងហោះហើរ XJ 761 ពីទីក្រុងសៀងហៃ មកកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ចំនួន៣៦៧នាក់ ។
ចំណែកក្រសួងដឹកជញ្ជូន និងក្រុមហ៊ុនផ្តល់សេវាកម្មការទូទាត់ប្រាក់ពីប្រទេសចិន បានត្រៀមខ្លួនរួចរាល់នៅអាកាសយានដ្ឋាន ដោយក្រុមហ៊ុនជឿថា វិធានការលើកលែងទិដ្ឋាការ (Free Visa) នឹងទាក់ទាញភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន មកកាន់ប្រទេសថៃ និងបង្កើនការចំណាយនៅថៃជាង២០% ។ លើសពីនេះ ពួកគេបានស្នើឱ្យរដ្ឋាភិបាលដំឡើងកម្មវិធី PromptPay សម្រាប់ហាងលក់ដូរផ្សេងៗទទួលការទូទាត់ប្រាក់តាមរយៈ E-wallet ផងដែរ ។.jpg)
ការត្រៀមខ្លួនទទួលភ្ញៀវទេសចរ គឺក្រោយពីរដ្ឋាភិបាលថៃបានប្រកាសអនុវត្តវិធានការលើកលែងទិដ្ឋាការ (Free Visa) ហើយក្រសួងគមនាគមន៍បញ្ជាក់ថា អាកាសយានដ្ឋានទាំងអស់ត្រៀមទទួលភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ជាពិសេស នៅខែតុលា ឆ្នាំ២០២៣ ព្រោះវាត្រូវនឹងពិធីបុណ្យជាតិរបស់ចិន ។ ក្រសួងគមនាគមន៍សង្ឃឹមថា នឹងមានជើងហោះហើរពីប្រទេសចិនកើនឡើង ពីជាមធ្យម៧២ជើងក្នុង១ថ្ងៃ មកស្មើនឹង៩៦ជើងក្នុង១ថ្ងៃ ខណៈចំនួនអ្នកដំណើរនឹងកើនឡើងពី៩.៦៨០នាក់ក្នុង១ថ្ងៃ មកស្មើនឹង១៨.៦៥៦នាក់ក្នុង១ថ្ងៃ ។
ការជួយសម្រួលក្នុងការទូទាត់ប្រាក់តាមរយៈ E-wallet ជាពិសេស ភ្ញៀវទេសចរចិន ដោយសារនៅប្រទេសចិនជំរុញការទូទាត់ប្រាក់តាម E-wallet នៅលើទូរស័ព្ទស្មាតហ្វូន ។ ក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ឌីជីថលតាមរយៈ Alipay Plus និយាយថា បានបើកកន្លែងទូទាត់ប្រាក់សម្រាប់ភ្ញៀវទេសចរចិន ប្រមាណ៥សែនកន្លែងនៅប្រទេសថៃ ដូចជា នៅតាមហាងលក់ទំនិញតូចធំ និងនៅអាកាសយានដ្ឋាន ។
លើសពីនេះ ក្រុមហ៊ុននឹងត្រៀមពង្រីកកន្លែងទូទាត់ប្រាក់បន្ថែមទៀតនៅតាមហាងលក់ទំនិញក្នុងតំបន់ និងទីប្រជុំជន ។ ដូច្នេះ ក្រុមហ៊ុនបានពិភាក្សាជាមួយធនាគារជាតិ និងអាជ្ញាធរទេសចរណ៍ថៃ ដើម្បីតភ្ជាប់ប្រព័ន្ធ Alipay Plus និង PromptPay ឱ្យហាងលក់ទំនិញថៃអាចទូទាត់ប្រាក់តាមរយៈ E-wallet របស់ចិន ។ ក្រុមហ៊ុនជឿថា បើអាចធ្វើបាន វានឹងជួយពង្រីកហាងលក់ទំនិញក្នុងស្រុក និងក្លាយជាប្រយោជន៍សម្រាប់ហាងលក់ទំនិញ ក្រុមហ៊ុន និងសេដ្ឋកិច្ចថៃ ៕ ប្រភព ៖ Thai PBS










