វៀតណាម៖ យោងតាមអាជ្ញាធរខេត្ត QUANG NAM បានកំណត់ថា មនុស្សចំនួន ៣១៣ នាក់ត្រូវបានបំពុលបន្ទាប់ពីបរិភោគនំបុ័ងសាច់ជ្រូក នៅ Hoi An ដោយសារតែសាច់ជ្រូកមានមេរោគ Salmonella។ មេរោគ Salmonella គឺជាជាតិពុលឈានមុខគេដែលបង្កជំងឺក្រពះពោះវៀន។
Salmonella ក៏ជាមូលហេតុចម្បងមួយនៃជំងឺរាគរូសទូទាំងពិភពលោក រួមទាំងការពុលទ្រង់ទ្រាយធំជាច្រើនផងដែរ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ប្រសិនបើមិនបានព្យាបាលទាន់ពេលនោះទេ វាអាចនាំឱ្យមានផលវិបាកគ្រោះថ្នាក់ និងអាចស្លាប់ដោយសារការខ្វះជាតិទឹក។ Salmonella មានរោគសញ្ញារួមមានគ្រុនក្តៅយូរ ឈឺក្បាល អស់កម្លាំង បាត់បង់ចំណង់អាហារ និងរាគ។
ដូច្នេះហើយ នារសៀលថ្ងៃទី ២២ ខែកញ្ញា លោកវេជ្ជបណ្ឌិត Mai Van Muoi ប្រធានមន្ទីរសុខាភិបាលខេត្ត Quang Nam បាននិយាយថា បន្ទាប់ពីករណីពុលចំនួន ៣១៣ ករណី មានមនុស្សសរុបចំនួន ២៧៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានជនបរទេស ១០៣នាក់ រីឯមនុស្ស ៤០ នាក់ទៀតត្រូវបានព្យាបាលនៅផ្ទះ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះអ្នកជំងឺទាំងអស់បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យហើយ។
យោងតាមការស៊ើបអង្កេត សាច់ជ្រូកនេះត្រូវបានទិញលក់នៅភោជនីយដ្ឋាន Banh Mi Phuong ពីលោកស្រី Lieu នៅផ្សារ Hoi An បន្ទាប់មកកែច្នៃដោយខ្លួនឯង។ ភោជនីយដ្ឋាន Banh Mi Phuong គឺជាកន្លែងទទួលទានអាហារមួយក្នុងចំណោមកន្លែងទទួលទានអាហារដែលទាក់ទាញភ្ញៀវទេសចរណ៍ ក្លាយជាគោលដៅដែលមិនអាចរំលងបាននៅក្នុងទីក្រុង Hoi An នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នហាងនេះត្រូវបានបិទរហូតដល់មានការសន្និដ្ឋានពីអាជ្ញាធរ៕
ប្រភព៖vnexpress










