រដ្ហធានីហាណូយ៖ វៀតណាម កំពុងតែបង្កើនការវិនិយោគយ៉ាងខ្លាំង ទៅលើវិស័យគមនាគមន៍ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងហាណូយ បានដាក់ចេញនូវផែនការវិនិយោគផ្លូវរថភ្លើងក្រោមដី មានតម្លៃ រាប់ពាន់លានដុល្លារអាមេរិក។
សារព័ត៌មានរបស់វៀតណាម Vietnamnet បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ថាក្រុមប្រឹក្សាវាយតម្លៃផែនការមេថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០ បានចាប់ផ្តើមដំណើរការវាយតម្លៃ សម្រាប់របាយការណ៍សិក្សា នៅមុនលទ្ធភាព សម្រាប់ខ្សែរថភ្លើងក្រោមដី ដែលតភ្ជាប់ រវាងផ្លូវវ៉ាន់កាវ (Van Cao) និង តំបន់ទីក្រុង ហ័រឡាក់ (Hoa Lac) នៅរដ្ឋធានីហាណូយ។
គម្រោងនេះ មានទំហំទឹកប្រាក់ ៦៥,៤០ពាន់ពាន់លានដុង (លុយវៀតណាម) ឬស្មើនឹង២,៧០ពាន់លានដុល្លារអាមរិក។ នេះជាគម្រោងទី៥របស់វៀតណាម នៅក្នុងរដ្ឋធានី ដោយមានចម្ងាយប្រវែង៣៨,៤៣គីឡូម៉ែត្រ ជាមួយនឹងផ្លូវដែកក្រោមដី ប្រវែង ៦,៥គីឡូម៉ែត្រ ។ គម្រោងផ្លូវដែកនេះ មានស្ថានីយចំនួន២១ ហើយក្នុងនោះមានស្ថានីយក្រោមដី ចំនួន៦។
បើតាមគម្រោង ផ្លូវដែកក្រោមដីនេះ នឹងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២៦ ហើយនឹងតភ្ជាប់អ្នកដំណើរ ពីស្រុកថាច់ថាត (Thach That) ទៅកណ្តាលទីក្រុង។ ផ្លូវនេះ នឹងជួយកាត់បន្ថយនូវការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុង ផងដែរ៕










