ម៉ុងតេណេហ្គ្រោ គឺជាប្រទេសនៅអឺរ៉ុបប៉ែកអាគ្នេយ៍បានរៀបចំកម្មវិធីប្រកួតមួយឈ្មោះថា «Laziest Citizen» ឬការស្វែងរកមនុស្សខ្ជិលបំផុត ដើម្បីទទួលបានប្រាក់រង្វាន់ប្រមាណជាង១.០០០ដុល្លារអាមេរិក ។ គេបានបង្កើតកម្មវិធីប្រកួតស្វែងរកមនុស្សខ្ជិលតាំងពីឆ្នាំ២០០១ មកម៉្លេះ ដើម្បីបង្ហាញថា ពលរដ្ឋម៉ុងតេណេហ្គ្រោមួយចំនួនជាមនុស្សខ្ជិល ហើយមួយថ្ងៃៗ គិតតែពីដេក ។
ការប្រកួតប្រចាំឆ្នាំត្រូវបានរៀបចំឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ហើយមានបេក្ខជនចូលរួមប្រកួតសរុបចំនួន២១នាក់ ។ បើតាមច្បាប់ប្រកួត គឺបេក្ខជនចូលរួមប្រកួតនឹងចូលសម្រាកនៅតាមរមណីយដ្ឋាន ហើយពួកគេនឹងទទួលបានម្ហូបអាហារចំនួន៣ពេលក្នុង១ថ្ងៃ ។ ពួកគេមានសិទ្ធិចូលបន្ទប់ទឹកនៅរៀងរាល់៨ម៉ោងម្តង ហើយក្នុងអំឡុងពេលនេះ បើពួកគេអង្គុយ ឬក្រោកឈរ នឹងត្រូវបាត់បង់សិទ្ធិប្រកួតភ្លាមៗ ។ ចំណែកបញ្ហាសុខភាពវិញ នឹងមានគ្រូពេទ្យនៅប្រចាំការជួយថែទាំ ។![]()
គេសង្កេតឃើញថា តាំងពីថ្ងៃចាប់ផ្តើមប្រកួត (គឺនៅថ្ងៃទី១៩ ខែសីហា) រហូតមកដល់ខែកញ្ញានេះ គេពុំអាចស្វែងរកអ្នកទទួលបានជ័យជម្នះនៅឡើយទេ ។ បេក្ខជនចូលរួមប្រកួតចំនួន២១នាក់ គឺនៅសល់ត្រឹមតែ៥នាក់ប៉ុណ្ណោះ ហើយអ្នកនៅសល់ចុងក្រោយនេះ ក៏មិនព្រមចុះចាញ់គ្នាងាយៗដែរ ។ នេះចាត់ទុកថា វាជាការបំបែកកំណត់ត្រាការប្រកួតរយៈពេលយូរបំផុត ៕ ប្រភព ៖ chiangmai news










