ប្រទេសរុស្ស៊ី ៖ ស្ថានីយទូរទស្សន៍ KRT និងសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីរាយការណ៍ថា លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានបញ្ចប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីជាផ្លូវការហើយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ លោក គឹម ជុងអ៊ុន បានទទួលរង្វាន់ជាច្រើនពីរុស្ស៊ី ដូចជា មួករោមសត្វ, អាវក្រោះ និងដ្រូនយោធា ។ គេចាត់ទុកថា ការគ្រប់គ្រងដ្រូនយោធារបស់កូរ៉េខាងជើង គឺជាការល្មើសនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ។
លោក គឹម ជុងអ៊ុន បានទទួលមួករោមសត្វពីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅទីក្រុង Vladivostok ក្នុងអំឡុងពេលលោកដើរទស្សនាយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ, យន្តហោះចម្បាំងបំពាក់ដោយមីស៊ីលលឿនជាងសំឡេង និងនាវាចម្បាំងរុស្ស៊ី ។
ក្រៅពីនេះ លោក Oleg Kosemyako អភិបាលនៃតំបន់ Primorsky បានប្រគល់អាវក្រោះទម្ងន់ស្រាលឱ្យមេដឹកនាំកូរ៉េខាងជើងផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ មុនពេលលោក គឹម ជុងអ៊ុន ធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ រុស្ស៊ីក៏បានប្រគល់ដ្រូនវាយប្រហារចំនួន៥គ្រឿង និងដ្រូនស៊ើបការណ៍ Geranium-25 ទៀត ដែលគេបានប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែន ។
ប្រទេសរុស្ស៊ីបានប្រគល់ដ្រូនឱ្យកូរ៉េខាងជើង គឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រឆាំងនឹងកូរ៉េខាងជើង ។ រុស្ស៊ីក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចហាមកូរ៉េខាងជើងធ្វើសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល ប៉ុន្តែរុស្ស៊ីបែរជាប្រគល់ដ្រូនឱ្យកូរ៉េខាងជើងទៅវិញ ៕ ប្រភព ៖ TNN World










