កម្មវិធីប្រលងចម្រៀងរ៉េបដ៏ធំដែលទើបមានវត្តមាននៅក្នុងស្រុកខ្មែរជាលើកដំបូងកំពុងទាក់ទាញអារម្មណ៍មហាជនយ៉ាងខ្លាំងជាពិសេសអ្នកចូលចិត្តខាងវិស័យនេះផ្ទាល់តែម្តង ខណៈបេក្ខជនពីររូបនេះទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនបន្ថែមពីលើសមត្ថភាពនោះគឺជាបេក្ខជនដែលមានចិត្តស្រលាញ់មោះមុតជិះម៉ូតូតាំងពីកម្ពុជាក្រោមមកប្រលងដើម្បីបន្សល់ដានដល់ប្អូនខ្មែរក្រាមឯទៀត។ ចំពោះបេក្ខជនមួយរូបទៀតនោះគឺមានប្រវត្តិជាក្មេងវត្តម្នាក់ព្រមទាំងស្រក់ទឹកភ្នែកកណ្តាលឆាកព្រោះតែរំភើបចិត្តពេក។

កម្មវិធី «The Rapper Cambodia» វគ្គ «AUDITION» សប្តាហ៍ទី១បានចាក់ផ្សាយហើយនារាត្រីថ្ងៃទី១៧ ខែកញ្ញា ប្រមូលផ្តុំដោយបេក្ខជនមានសមត្ថភាពជាច្រើនរូបមកអន្រួនឆាកដ៏អស្ចារ្យនិងមានប្រវត្តិផ្សេងៗគ្នាគួរឱ្យចាប់អារម្មណ៍ប៉ុន្តែឈរលើឆន្ទៈតែមួយនោះគឺបំពេញក្តីស្រមៃខ្លួនឯងលើវិថីនេះ។ សប្តាហ៍ទី១ បេក្ខជនពីររូបរួមមាន ហេង យូឡេង ហៅ Tai Fuu និង សេង ដារ៉ាត់ ហៅ D.A.R.T ហាក់ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគួរឱ្យកត់សម្គាល់។

បេក្ខជន ហេង យូឡេង ហៅ Tai Fuu មកពីអរិយក្សត្រ មានប្រវត្តិជាក្មេងវត្តម្នាក់បច្ចុប្បន្នជានិស្សិតពេទ្យធ្មេញឆ្នាំទី១ បានមកកាន់ឆាកដ៏ថ្មីស្រឡាងនេះព្រមទាំងបញ្ចេញសមត្ថភាពប្រកបដោយភាពជឿជាក់។ សមត្ថភាពក្មេងវត្តរូបនេះមិនអន់នោះទេ ព្រោះទទួលបានការជាន់ហ្គែរទាំង៤ពីគ្រូបង្វឹករួមមាន ខ្មែរមួយជីវិត, នរិទ្ធ, RuthKo និង KingChi ។ ដោយសារតែលក្ខខណ្ឌក្នុងកម្មវិធីប្រសិនជាបេក្ខជនរូបណាទទួលបានការជាន់ហ្គែរលើសពីពីរពីគ្រូបង្វឹក(ខូចស៍) Prouder ពីររូបរួមមាន វណ្ណដា និង Juvie មានសិទ្ធិសម្រេចនិងណែនាំឱ្យបេក្ខជនធ្វើជាកូនក្រុមគ្រូបង្វឹកណាមួយ។កាន់តែក្តៅគគុកសម្រាប់បេក្ខជន Tai Fuu នោះគឺ Prouder សម្រេចចិត្តឱ្យគេចូលក្រុម ខ្មែរមួយជីវិត ប៉ុន្តែក៏ត្រូវគ្រូបង្វឹកផ្សេងទៀតមិនយល់ស្របដោយបានបោះមួកមាសទៅលើឆាកដែលនេះគឺជាកម្មវិធីពិសេសរបស់ខូចស៍ ដោយខូចស៍មានសិទ្ធិប្រើប្រាស់សិទ្ធិនេះដើម្បីជ្រើសរើសបេក្ខជនដែលខ្លួនប្រាថ្នា។ ជាលទ្ធផល បេក្ខជនរូបនេះសម្រេចចិត្តធ្វើជាកូនក្រុមខ្មែរមួយជីវិតដដែល។

ចំពោះបេក្ខជនមួយរូបទៀតនោះគឺមានឈ្មោះថា សេង ដារ៉ាត់ ហៅ D.A.R.T បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីបង្ហើបថារូបគេជាខ្មែរកម្ពុជាក្រោមជិះម៉ូតូមកប្រលងលើវិថីដ៏សែនឆ្ងាយ។   បេក្ខជនរូបនេះបង្ហើបឱ្យដឹងថារូបគេលាឈប់ពីការងារនៅព្រៃនគរ មកកាន់រាជធានីដើម្បីចាប់ក្តីស្រមៃ។ ការមកប្រលងលើកនេះគឺមកដោយឆន្ទៈជាស្ពានដល់បងប្អូនខ្មែរកម្ពុជាក្រោម បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាខ្មែរកម្ពុជាក្រោមមកប្រលងមិនបាន។
បន្ទាប់ពីបញ្ចេញសមត្ថភាពឃើញថាបេក្ខជនខ្មែរកម្ពុជាក្រោមនេះមិនធម្មតានោះទេគឺទទួលបានការជាន់ហ្គែររហូតដល់ទៅ៤ពីគ្រូបង្វឹក ដែលតម្រូវឱ្យខាង Prouder វណ្ណដា និង ជូវី ជួយតម្រង់ផ្លូវ។ ដើម្បីជាការគោរពដល់បងប្អូនខ្មែរកម្ពុជាក្រោមដែលស្កាត់ពីឆ្ងាយមកប្រលងខាង Prouder សម្រេចឱ្យបេក្ខជន សេង ដារ៉ាត់ ជ្រើសរើសគ្រូបង្វឹកដោយខ្លួនឯងបាន ខណៈបេក្ខជនរូបនេះសម្រេចចូលធ្វើជាកូនក្រុម ខ្មែរមួយជីវិត៕