រដ្ឋធានីកៀវ៖ អ៊ុយក្រែន កំពុងតែបោសសម្អាត អំពើពុករលួយ នៅក្នុងជួរមន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងកៀវ ខណៈប្រទេសអឺរ៉ុបខាងកើតមួយនេះ កំំពុងតែធ្វើសង្គ្រាម ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ថា បច្ចុប្បន្ន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កំពុងតែស្ថិតក្រោមសម្ពាធ នៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ជាមួយគ្នានេះ លោកប្រធានាធិបតី បានឆ្លើយតបជាមួយនឹងសំណើដ៏ធ្ងន់មួយ ដោយចាត់ទុកអំពើពុករលួយ នៅក្នុងអំឡុងពេលមានសង្រ្គាម ជាអំពើក្បត់ជាតិ។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានបង្កើនសកម្មភាពប្រឆាំងនឹងអំពើពុករលួយ ដោយសារតែមានការព្រួយបារម្ភ អំពីការបាត់បង់ការគាំទ្រពីសម្ពន្ធមិត្តលោកខាងលិច។ ជាមួយគ្នានេះ លោកប្រធានាធិបតី បានបណ្ដេញរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់គាត់ ចេញពីតំណែង កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានដកមន្ត្រីកំពូលៗជាច្រើនរូប ពាក់ព័ន្ធនឹងការលួចលុយ ឬទទួលសំណូក។
ការអនុវត្តយោធារបស់រុស្ស៊ី បានចោទជាសំណួរកាន់តែខ្លាំងឡើង អំពីអ្វីដែលបានកើតឡើង ចំពោះមនុស្សរាប់សិបលាននាក់ ដែលបានចំណាយលុយ សម្រាប់ទំនើបកម្មវិស័យការពារជាតិ នៅងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ តើរថក្រោះ Armata មិនអាចចាញ់បានទាំងអស់ ដែលវិមានក្រឹមឡាំង បាននិយាយ អស់រយៈពេលជាច្រើនឆ្នាំ នៅឯណា?
ការស៊ីសំណូក នៅក្នុងការធ្វើពាណិជ្ជកម្មគ្រឿងសព្វាវុធ ជាសាកល ក្លាយជាជំងឺឆ្លង។ បើទោះជាអ៊ុយក្រែន ពិតជាខុសប្លែកពីរុស្ស៊ី លើបញ្ហានេះ។ អ៊ុយក្រែន ពឹងផ្អែកលើសម្ពន្ធមិត្តបរទេស ក៏ដូចជា ការប្រមូលថវិកាពីប្រជាជនក្រីក្របំផុតរបស់អឺរ៉ុប ដើម្បីដាក់ប្រាក់ សម្រាប់ប្រយុទ្ធ ដើម្បីរស់រានមានជីវិត។ នៅក្នុងកាលៈទេសៈបែបនេះ គឺប្រាក់ដែលបាត់បង់ នឹងនាំឱ្យបាត់បង់ជំនឿ និង បាត់បង់ជីវិត ដោយផ្ទាល់។
លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងកៀវ មានកាតព្វកិច្ចចាំបាច់ ត្រូវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដូចជា ប្រទេសអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្សី អ៊ីចឹងដែរ៕










