ភ្នាក់ងារការពារទិន្នន័យប្រទេសអៀរឡង់បានពិន័យប្រាក់ក្រុមហ៊ុន TikTok ចំនួន៣៤៥លានអឺរ៉ូ ហើយវាគឺជាការពិន័យដ៏ធ្ងន់បំផុតចាប់តាំងពី TikTok ធ្លាប់ត្រូវបានគេពិន័យនាពេលកន្លងមក ។ ការពិន័យលើកនេះ ដោយសារ TikTok មិនអាចអនុវត្តតាមច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់ទូទៅរបស់សហភាពអឺរ៉ុប (EU) ក្នុងការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ជាកុមារ ។
ពាក្យបណ្តឹងខាងលើពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះគ្រប់គ្រងទិន្នន័យរបស់កុមារនៅឆ្នាំ២០២០ ជាពិសេស ពាក់ព័ន្ធនឹងការបញ្ជាក់ពីអាយុ និងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន ។ ភ្នាក់ងារការពារទិន្នន័យប្រទេសអៀរឡង់ប្រទះឃើញថា TikTok មិនបានការពារទិន្នន័យអ្នកប្រើប្រាស់ជាកុមារទេ ជាពិសេស ពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន ។
Helen Dixon ជាគណៈកម្មការគ្រប់គ្រងទិន្នន័យបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ថា តាមការស៊ើបអង្កេតឃើញថា បញ្ជីអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី១៣ឆ្នាំ ទៅ១៧ឆ្នាំ ត្រូវបានបង្ហាញជាសាធារណៈនៅពេលពួកគេចុះឈ្មោះ មានន័យថា គ្រប់គ្នានឹងអាចមើលឃើញខ្លឹមសារដែលពួកគេបង្ហោះ ។ ដូច្នេះ ភ្នាក់ងារការពារទិន្នន័យប្រទេសអៀរឡង់នឹងទុកពេលវេលាឱ្យ TikTok រយៈពេល៣ខែសម្រាប់ដោះស្រាយបញ្ហានេះ ។
ចំណែកអ្នកនាំពាក្យក្រុមហ៊ុន TikTok បញ្ជាក់ថា TikTok មិនយល់ស្របចំពោះការចោទប្រកាន់ខាងលើនេះទេ ជាពិសេស ចំនួនទឹកប្រាក់ពិន័យដែលក្រុមហ៊ុន TikTok ត្រូវបង់ ។ ការចោទប្រកាន់នេះផ្តោតទៅលើការកំណត់ដែលបានកើតឡើងតាំងពី៣ឆ្នាំមុន ហើយក្រុមហ៊ុនបានដោះស្រាយបញ្ហាមុនការស៊ើបអង្កេតទៅទៀត ដូចជា ការកំណត់គណនីអ្នកប្រើប្រាស់ទាំងអស់ឱ្យមានលក្ខណៈផ្ទាល់ខ្លួន ៕ ប្រភព ៖ Thai PBS










