ប្រទេសចិន ៖ បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមនឹងបញ្ហាយុវវ័យសម័យថ្មីមិនចង់រៀបការមានគ្រួសារ និងផ្ទុយគ្នាជាមួយវប្បធម៌ចិន ដែលតម្រូវឱ្យយុវវ័យអាយុលើសពី៣០ឆ្នាំ ត្រូវប្រញាប់បង្កើតគ្រួសារ ។ ហេតុនេះ ផ្សារណាត់ស្វែងរកគូស្រករនៅកន្លែងសាធារណៈក្នុងអំឡុងថ្ងៃឈប់សម្រាកបានកើនឡើងជាបន្តបន្ទាប់ ហើយឪពុកម្តាយបានមកធ្វើជាមេអណ្តើកដោយខ្លួនឯង ។ ពួកគេបានស្វែងរកគុណសម្បត្តិកូនប្រសាដែលសាកសមជាមួយកូនរបស់ខ្លួន ប៉ុន្តែវាមិនមែនជារឿងងាយទេ ក្នុងការស្វែងរករកកូនប្រសាស្របតាមគុណសម្បត្តិ ។
អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ jadesada41 បានបង្ហាញពីផ្សារណាត់ស្វែងរកគូស្រករនៅទីក្រុង Nanning ប្រទេសចិន និងមានអ្នកទស្សនាជាង៧សែននាក់ ព្រោះមនុស្សជាច្រើនមិនធ្លាប់ដឹងពីការរកគូស្រករនៅកន្លែងសាធារណៈទេ ។ ជាមួយគ្នានេះ ក៏មានការបង្ហាញពីគុណសម្បត្តិក្នុងការក្លាយខ្លួនជាកូនប្រសារផងដែរ ហើយវាមិនងាយស្រួលទេ ដែលយុវវ័យសម័យថ្មីចាប់អារម្មណ៍នោះ ។
ជនជាតិចិនម្នាក់និយាយថា បច្ចុប្បន្ន ពលរដ្ឋចិនមានចំនួនស្ត្រីតិចជាងបុរស ដែលធ្វើឱ្យបុរសពិបាកស្វែងរកប្រពន្ធ ហើយស្របនឹងវប្បធម៌ចិនជឿថា អ្នកមានអាយុមិនលើស៣០ឆ្នាំ ត្រូវតែរៀបការបង្កើតគ្រួសារ ។ វាខុសពីគំនិតរបស់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលពួកគេមិនចាំបាច់រៀបការ ហើយអាចនៅលីវបាន ។
ហេតុនេះ ទើបមានផ្សារណាត់ស្វែងរកគូកាន់តែច្រើននៅប្រទេសចិន ដោយគេរៀបចំឡើងនៅកន្លែងសាធារណៈតាមទីក្រុងធំៗដូចជា ទីក្រុង Guangzhou និង Nanning ។ នៅថ្ងៃឈប់សម្រាកសៅរ៍-អាទិត្យ អ្នកមកប្រកាសរកគូស្រករ ភាគច្រើនគឺជាឪពុកម្តាយមកជួយរកគូអនាគតឱ្យកូន ព្រោះយុវវ័យចិនខ្លះខ្មាសអៀនដែលមានអាយុ៣០ឆ្នាំហើយ ប៉ុន្តែមិនទាន់មានគូ ហើយពួកគេមិនចង់មកផ្សារណាត់ទេ ។ ដូច្នេះ ត្រូវពឹងពាក់លើឪពុកម្តាយឱ្យជួយជ្រើសរើស មុនពេលពួកគេមកផ្ទាល់ ។
អ្នកមកស្វែងរកគូត្រូវសរសេរនៅលើស្លាកអំពីឈ្មោះ អាយុ កម្ពស់ ទម្លាប់ប្រចាំ ការងារ និងប្រាក់ចំណូល ហើយចំណុចសំខាន់បំផុត បើជាបុរសត្រូវតែមានរថយន្ត និងផ្ទះផងដែរ ។ ភាគច្រើន អ្នកលើកស្លាកប្រកាសស្វែងរកគូស្រករ គឺជាស្ត្រី ហើយអ្នកដើររកមើលការប្រកាសជាបុរស ។ ស្ត្រីភាគច្រើនត្រូវការបុរសមានមុខមាត់ស្អាត មានផ្ទះ និងរថយន្ត ព្រោះនឹងអាចកសាងគ្រួសារបាន ។ ចំណែកបុរសវិញត្រូវការស្ត្រីមានរូបស្អាត មិនធ្លាប់រៀបការ ឬមានកូន ហើយពួកគេមិនផ្តោតលើស្ត្រីមានទ្រព្យសម្បត្តិ ឬគ្មានទេ ។
ឪពុកម្តាយជនជាតិចិននៅពេលកូនៗពួកគេអាយុ៣០ឆ្នាំ គឺចង់ឱ្យកូនរៀបការមានគ្រួសារ ។ បើពួកគេរៀបការមានកូន និងមានការងារល្អចាត់ទុកថា មានជីវិតល្អប្រសើរ ជាពិសេស បើផ្ទះណាមានកូនប្រុស ឪពុកម្តាយចង់ឱ្យមានចៅឆាប់ៗដើម្បីបន្តវង្សត្រកូល ។ បើឪពុកម្តាយមកផ្សារណាត់រកគូ ហើយបានណាត់ជួបជាមួយភាគីម្ខាងទៀត គឺកូនៗពុំសូវមានបញ្ហាទេ ព្រោះតាមវប្បធម៌ចិន កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ ។ ដូច្នេះ ពេលឪពុកម្តាយឱ្យកូនរៀបការជាមួយអ្នកណាម្នាក់ កូនត្រូវយល់ព្រមភ្លាមៗ ។ ប៉ុន្តែពួកគេពិបាកស្វែងរកគូអនាគតដែលមានឋានៈល្អ ឬស្របនឹងតម្រូវការ ។
អ្នកស្វែងរកគូភាគច្រើនមានអាយុចាប់ពី៣៥ឆ្នាំ ដល់៤០ឆ្នាំ ហើយធ្វើឱ្យពួកគេអាចរស់នៅជាមួយគ្នាបានយូរ ដោយសារពួកគេមានអាយុច្រើន និងត្រូវបង្កើតគ្រួសារ ។ ជនជាតិចិនមានអារម្មណ៍ខ្មាស់អៀនចំពោះភាពនៅលីវ ទើបអ្នកមកស្វែងរកគូ និងណាត់ជួបគ្នា តែងសម្រេចចិត្តរៀបការជាង៧០% ៕
ប្រភព ៖ Thairath










