តារាចម្រៀងនិងជាគ្រូបង្វឹកលោក ណុប ប៉ាយារិទ្ធ ចេញមកបង្ហោះសារយ៉ាងវែងអន្លាយលើបណ្តាញសង្គមនិយាយពីភាពជោគជ័យរបស់អ្នកសិល្បៈមិនមែនពឹងផ្អែកលើសមត្ថភាពតែមួយមុខនោះតែត្រូវមានអត្តចរិតល្អ។ ក្នុងនោះលោកក៏បានសម្តៅដល់អាយដលដែលមានអត្តចរិតមិនល្អដើរអុចអាលស្អប់អ្នកនេះស្អប់អ្នកនោះដៀមដាមអ្នកដទៃនាំឱ្យហ្វេនមានចិត្តច្រណែនអ្នកផ្សេង។
នៅថ្ងៃទី១៤ ខែកញ្ញានេះ លោកណុប ប៉ាយារិទ្ធ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «អ្នកសិល្បៈជោគជ័យមិនមែនពឹងតែសមត្ថភាពក្នុងខ្លួនមួយមុខទេ ត្រូវតែជាអ្នកសិល្បៈដែលមានអត្តចរិតល្អ ចរិកឫកពារមិនក្អេងក្អាង អព្យាក្រឹតក្នុងខ្លួន មានគុណធម៌ មានសីលធម៌ ឱ្យតម្លៃអ្នកដទៃ គ្មានភាពច្រណែនឈ្នានីស មិនមោទនភាពលើខ្លួនឯងជ្រុល មិនមានជំងឺតួឯកនិយម ឬ លួចធ្វើតែរឿងអាក្រក់ពីក្រោយខ្នងគេឯងទេ។ ដាច់ខាតមិនមែនចង់បានខ្ពស់ជាន់កអ្នកដទៃដើម្បីតែខ្លួនឯងបានខ្ពស់រកវិធីវៀសគេវៀសឯងឱ្យខ្ទាតអស់ទុកតែខ្លួនឯង ដើម្បីខ្លួនឯងល្អលើសគេ គឺបាបខ្លាំងណាស់»។
គូ្របង្វឹកកម្មវិធី The Voice រូបនេះបានសរសេរទៀតថា « ត្រចៀកនិងភ្នែក ស្តាប់ហើយត្រូវតែមើល ខួរក្បាលត្រូវចេះគិត ហើយខ្លួនឯងកុំប្រឌិតបង្កើតរឿងឱ្យfansខ្លួនឯងដើរច្រណែនស្អប់អ្នកផ្សេង ពិសេសខ្លួនឯងហ្នឹងកុំពូកែ Drama និពន្ធរឿងខ្លួនឯងទៅអុជអាល fans ឱ្យដើរស្អប់អ្នកនេះ ស្អប់អ្នកនោះ ដើរខម្មិនដៀមដាមលេបខាយអ្នកនេះអ្នកនោះធ្វើខ្លួនជាជនរងគ្រោះគេមិនរាប់រក គេឈ្លើយដាក់ គេលេងចរិតដាក់ គេមើលងាយ គេច្រណែន គេដៀមដាម គេចេះគេចុះ…..ចោទគេគ្រប់រឿង បង្កើតរឿងអាក្រក់ដាក់ឱ្យគេម៉ាចប់។ ដល់ជួបមុខគេហ្នឹង ខ្លួនឯងតាំងធ្វើខ្លួនដូចឡេឡឺៗ ធ្វើដូចអត់ដឹងរឿង អត់ដឹងខ្យល់អីទាំងអស់ ទាំងក្រោយខ្នងនិយាយអាក្រក់ពីគេមិនអស់ចិត្តទេ ធ្វើអាក្រក់ដាក់គេទៀត។
តារាចម្រៀង ណុប ប៉ាយារិទ្ធ បន្តទៀតថា «យើងប្រៀបបានឪពុកម្តាយ fansប្រៀបដូចកូន កូនមិនល្អព្រោះឪពុកម្តាយមិនប្រៀនប្រដៅ កុំចាំដល់គេហៅកូនអត់ពូជទើបចេះភ្ញាក់ខ្លួនឬខឹងគេថែមទៀត ត្រង់ហ្នឹងមួយប្រយ័ត្នអោឱ្យមែនទែន កុហកគេថ្ងៃនេះបានតែមិនអាចកុហកគេបានមួយជីវិតទេ ថ្ងៃមួយដែលគេដឹងអ្នកនឹងសាបដូចទឹកទន្លេ មកពីដើមពោធិ៍ណាទៅដើមពោធិ៍ហ្នឹងវិញហើយធានា ព្រោះគ្រប់យ៉ាងគេគង់តែដឹង ដឹងខ្ទេចម៉ដ្ឋគ្មានចន្លោះ១រឿង គ្រាន់តែគេធ្វើមិនដឹងឱ្យអ្នកគិតថាគេល្ងង់ ភ្លើ ទាំងដែលការពិតគេចាំមើលថាអ្នកធ្វើអីបន្តទៀតដើម្បីសន្សំបាបដែលខ្លួនឯងសាង។
ជាមួយគ្នានេះដែរ លោកប៉ាយារិទ្ធ បានបន្ថែមទៀតថា fansក៏ដូចគ្នា fansល្អនាំកិត្តិសឱ្យ Idol នាំកម្លាំងចិត្ត នាំភាពរីករាយ ហៅថាfansគុណភាព ។ បើfans បែបtoxic fans ឬ fansនាំតែរឿង idol នឹងក្លាយជាបិសាចនៅថ្ងៃមួយដោយមិនដឹងខ្លួន។ ដូច្នេះសូមគិតឱ្យល្អិតល្អន់ ទាំងidol ទាំងfans ធ្វើតែរឿងល្អបានហើយ ព្រោះអំពើល្អគឺមិនសាបសូន្យ រឿងខ្លះជារឿងផ្ទាល់ខ្លួនយើងទេមិនមែន១០រឿងសុទ្ធតែចាំបាច់យកទៅប្រាប់គ្នាដែលជាfansឱ្យដឹងគ្រប់រឿងទេ។
ការលើកឡើងយ៉ាងវែងអន្លាយប្រកដដោយអត្ថន័យស៊ីជម្រៅនេះអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រសុទ្ធតែបង្ហាញការយល់ស្រប ខណៈអ្នកខ្លះទៀតកំពុងមានចម្ងង់ក្នុងចិត្តថាគ្រូបង្វឹករូបនេះចង់សម្តៅទៅអ្នកណាព្រោះប្រសិនជាមិនមានរឿងកើតឡើងណាមួយមិនមែនលោកចេញមកនិយាយដូច្នេះឡើយ៕










