ប្រទេសឡាវ ៖ សារព័ត៌មាន Xinhua បានចុះផ្សាយថា ក្រសួងសន្តិសុខសាធារណៈប្រទេសចិនរាយការណ៍ថា ជនសង្ស័យបោកប្រាស់តាមអនឡាញត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលការបង្ក្រាបលើកចុងក្រោយនៅប្រទេសឡាវ ហើយឡាវបានបញ្ជូនជនសង្ស័យទាំងនេះត្រឡប់មកប្រទេសចិនវិញចំនួន១៧៩នាក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។
របាយការណ៍បញ្ជាក់ថា ជនសង្ស័យទាំងនេះជាប់ពាក់ព័ន្ធនឹងករណីបោកប្រាស់តាមអនឡាញឆ្លងកាត់ព្រំដែនចំនួន២៧០ករណី ។ ពួកគេត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នារវាងសមត្ថកិច្ចចិន និងឡាវ ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ។![]()
កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រសួងសន្តិសុខសាធារណៈប្រទេសចិនបានបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសឡាវ ដើម្បីធ្វើការរួមគ្នាជាមួយភាគីឡាវពាក់ព័ន្ធនឹងគម្រោងសហការអនុវត្តច្បាប់ ។ ក្រុមអ្នកជំនាញចិនបានគាំទ្រឱ្យសមត្ថកិច្ចឡាវធ្វើការបង្ក្រាបការបោកប្រាស់តាមអនឡាញចំនួន១០លើក, បិទទីតាំងឧក្រិដ្ឋកម្ម១០កន្លែង ព្រមទាំងចាប់ខ្លួនជនសង្ស័យផងដែរ ក្នុងនោះបានចាប់ខ្លួនប្រធានក្រុម ឬសមាជិកសំខាន់ៗនៃក្រុមឧក្រិដ្ឋកម្មចំនួន៩នាក់ ។
ក្រសួងសន្តិសុខសាធារណៈប្រទេសចិនសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងតំបន់ពាក់ព័ន្ធផ្សេងៗដើម្បីជំរុញប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនបន្តទៀត ៕ ប្រភព ៖ TNN World










