ប្រទេសចិន ៖ ប្រទេសចិនបានជម្លៀសពលរដ្ឋជាង១១ម៉ឺន៤ពាន់នាក់គេចពីខ្យល់ព្យុះទីហ្វុងឈ្មោះ «Haikui» ដែលបោកបក់មកលើតំបន់ឆ្នេរសមុទ្រ ។ ខ្យល់ព្យុះនេះបានវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ហើយធ្វើឱ្យអាជ្ញាធរចិនត្រូវជម្លៀសពលរដ្ឋជាច្រើននាក់ចេញពីតំបន់រងគ្រោះ ។
មជ្ឈមណ្ឌលឧតុនិយមចិនប្រកាសថា ខ្យល់ព្យុះឈ្មោះ «Haikui» បានបោកបក់មកកាន់ឆ្នេរសមុទ្រខេត្តហ្វូជៀន ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។ កាលពីពេលកន្លងមក ខ្យល់ព្យុះនេះបានបោកបក់មកលើតៃវ៉ាន់អស់រយៈពេល២ថ្ងៃ ដែលបណ្តាលឱ្យមានអ្នករងរបួសជាង៤០នាក់ ។
មុនពេលមានខ្យល់ព្យុះវាយប្រហារ ទីក្រុងហ្វូចូវ ខេត្តហ្វូជៀន ក៏បានទទួលរងគ្រោះដោយសារខ្យល់ព្យុះទីហ្វុងផងដែរ ហើយអាជ្ញាធរប្រចាំទីក្រុងបានបញ្ជាឱ្យបិទសាលារៀន និងបិទការផ្តល់សេវាកម្មនៅតាមកន្លែងទេសចរណ៍នានា បន្ទាប់មក អាជ្ញាធរបានជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើនទៀត ។ ជាមួយគ្នានេះ គេរាយការណ៍ថា អាជ្ញាធរបានជម្លៀសពលរដ្ឋជាង១១ម៉ឺន៤ពាន់នាក់ចេញពីតំបន់រងគ្រោះទៀតផង ។
ចំណែកយន្តហោះជាច្រើនគ្រឿងនៅអាកាសយានដ្ឋានទីក្រុងហ្វូចូវ និងទីក្រុងក្វានចូវ ត្រូវបានលុបចោលការហោះហើរ ដូចគ្នានឹងសេវាកម្មដឹកជញ្ជូនតាមនាវាផ្សេងៗ ។ ទោះយ៉ាងណា ខ្យល់ព្យុះ «Haikui» បានថមថយកម្លាំងនៅពេលវាបក់មកលើឆ្នេរសមុទ្រប្រទេសចិន ។ បច្ចុប្បន្ន ខ្យល់ព្យុះនេះបានបក់សំដៅទៅកាន់ខេត្តក្វាងទុង ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ហើយគេសង្ឃឹមថា ខ្យល់ព្យុះនេះនឹងថមថយកម្លាំងជាបន្តបន្ទាប់ ៕
ប្រភព ៖ Mono News










