ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានចេញគោលនយោបាយមួយដើម្បីជំរុញសេដ្ឋកិច្ចគ្រួសារពលរដ្ឋជប៉ុន ដោយរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់កុមារតាំងពីចាប់កំណើត រហូតដល់អាយុ១៨ឆ្នាំ ។ កុមារមានអាយុតាមការកំណត់របស់គោលនយោបាយនេះ ពួកគេនឹងទទួលបានប្រាក់ពីរដ្ឋាភិបាលចំនួន៥.០០០យេនក្នុង១ខែសម្រាប់រយៈពេល១ឆ្នាំ ។
កុមារមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភចំនួន៥.០០០យេនក្នុង១ខែសម្រាប់រយៈពេល១ឆ្នាំ ឬស្មើនឹងទឹកប្រាក់ខ្ពស់បំផុតចំនួន៦ម៉ឺនយេន ។ គោលនយោបាយនេះនឹងផ្តល់ប្រាក់ឱ្យពួកគេតាំងពីចាប់កំណើត រហូតដល់អាយុ១៨ឆ្នាំ ដោយត្រួតពិនិត្យតាមរយៈប័ណ្ណ «My Number» ។ គោលនយោបាយថ្មីនេះ តម្រូវឱ្យកុមារចុះឈ្មោះក្នុងគេហទំព័រ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។ អ្នកបានចុះឈ្មោះសុំប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលតាមពេលវេលាកំណត់ ពួកគេនឹងទទួលបានប្រាក់នៅខែមករា ឆ្នាំ២០២៤ រីឯអ្នកចុះឈ្មោះក្រោយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ពួកគេនឹងទទួលបានប្រាក់នៅពេលបន្ទាប់ ។
ក្រៅពីនេះ រដ្ឋាភិបាលជប៉ុននឹងផ្តល់ប្រាក់ឧបត្ថម្ភការរៀនសូត្រដល់កុមារដែលរៀនកម្រិតមធ្យមសិក្សានៅសាលាឯកជនផងដែរ គឺសម្រាប់ក្រុមគ្រួសារណាដែលមានប្រាក់ចំណូលមិនដល់៩,១លានយេន ។ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភខ្ពស់បំផុតចំនួន១សែនយេនក្នុង១ឆ្នាំ ហើយបានចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្រៅពីការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កុមារតាំងពីចាប់កំណើត រហូតដល់អាយុ១៨ឆ្នាំ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់កូនសិស្សជិតបញ្ចប់វិទ្យាល័យផងដែរ ព្រមទាំងផ្តល់ប្រាក់ទៅឱ្យក្រុមយុវជនមិនបានចូលសាលារៀន ដើម្បីឱ្យពួកគេមានលទ្ធភាពរៀនសូត្របន្តទៀត ។ គេរំពឹងថា រដ្ឋាភិបាលនឹងចំណាយថវិកាសម្រាប់គម្រោងនេះរាប់លានយេន ហើយមានកុមារទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រមាណ២០លាននាក់ ៕
ប្រភព ៖ Nation World News










