លិខិតឆ្លងដែនធម្មតានៃព្រះរាជាណាចក្រកម្ពុជា គឺជាឯកសារបញ្ជាក់ថាជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។
យោងតាមការវាយតម្លៃរបស់គេហទំព័រ Guide Passport Ranking Index នៅក្នុងឆ្នាំ២០២៣នេះ លិខិតឆ្លងដែនកម្ពុជា បានឈរនៅលេខ៩០ លើពិភពលោក ដោយអាចធ្វើដំណើរទៅ៥៣ប្រទេសលើពិភពលោក ដោយមិនចាំបាច់សុំទិដ្ឋាការ (visa)។
ដោយឡែកសម្រាប់ការធ្វើលិខិតឆ្លងដែននេះ លោកអ្នកត្រូវមានឯកសារ៖
• សម្រាប់ពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
• សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខអក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។
គួរបញ្ជាក់ផងដែរថា លិខិតឆ្លងដែននេះមានសុពលភាពរយៈពេល ០៥ឆ្នាំ សម្រាប់កុមារមានអាយុចាប់ពី ០ ឆ្នាំ ដល់ ៥ ឆ្នាំ និងសុពលភាពរយៈពេល ១០ ឆ្នាំ សម្រាប់អ្នកដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ៕










