នាយកក្រុមហ៊ុន Microsoft លោក Brad Smith បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថា គេអាចប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើជាអាវុធបាន ហើយមនុស្សត្រូវគ្រប់គ្រងលើបច្ចេកវិទ្យាដ៏ឆ្លាតនេះ ដោយការចេញច្បាប់ និងបទបញ្ជាថ្មីៗសម្រាប់ធានាសុវត្ថិភាពពិភពលោក ។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក Brad Smith លើកឡើងថា ៖ «ខ្ញុំគិតថា បច្ចេកវិទ្យាទាំងអស់ដែលគេបានបង្កើតឡើងមក បើទោះជាវាជួយបង្កលក្ខណៈងាយស្រួលដល់ពួកយើងរាល់គ្នាក្តី ប៉ុន្តែគេក៏អាចប្រើប្រាស់វាធ្វើជាអាវុធបានដូចគ្នា ។ ដូច្នេះ យើងត្រូវប្រាកដចិត្តថា AI ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស មិនថាស្ថាប័នរដ្ឋាភិបាល កងទ័ព ឬស្ថាប័នណាមួយទេ ដែលចង់ប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យដំណើរការដោយស្វ័យប្រវត្តិ ដូចជា ផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ យើងចាំបាច់ត្រូវធានាថា ត្រូវឱ្យមនុស្សជាអ្នកគ្រប់គ្រងលើបច្ចេកវិទ្យានេះ ព្រោះយើងនឹងអាចបន្ថយល្បឿន ឬបិទប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិរបស់វា» ។
បណ្តាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេលើពិភពលោក បានដាស់តឿនពីការគំរាមកំហែងរបស់បច្ចេកវិទ្យា AI ក្រោយពីកម្មវិធី ChatGPT ដែលជា Chatbot មានប្រព័ន្ធដំណើរការបញ្ញាសិប្បនិម្មិត (Generative AI) ក្លាយជាការពេញនិយមនៅទូទាំងពិភពលោក ដោយសារវាអាចឆ្លើយតបដូចមនុស្សបេះបិទ ។ Generative AI គឺជាបច្ចេកវិទ្យា AI មានសមត្ថភាពអាចបង្កើតខ្លឹមសារផ្សេងៗដូចជា អត្ថបទ រូបភាព កូដ និងកម្មវិធីជាច្រើនទៀត ។
កាលពីខែឧសភា ឆ្នាំ២០២៣ លោក Sam Altman ជា CEO របស់ក្រុមហ៊ុន Open AI ដែលបានបង្កើតកម្មវិធី ChatGPT រួមទាំងនាយកគ្រប់គ្រងរបស់ DeepMind ដែលជាក្រុមហ៊ុន AI របស់ Google ព្រមទាំងក្រុមហ៊ុន Microsoft បានដាស់តឿនថា បច្ចេកវិទ្យា AI មានគ្រោះថ្នាក់អាចធ្វើឱ្យមនុស្សផុតពូជបាន ។ វាគ្រោះថ្នាក់ខ្លាំងស្មើនឹងការធ្វើសង្គ្រាមនុយក្លេអ៊ែរ ហើយមនុស្សបាច់ត្រូវកាត់បន្ថយគ្រោះថ្នាក់ទាំងនេះ ។
នាយកក្រុមហ៊ុន Microsoft លោក Brad Smith បានថ្លែងទៅកាន់សារព័ត៌មាន CNBC នៅខាងក្រៅកិច្ចប្រជុំកំពូលអាជីវកម្ម Business 20 Summit ថា មូលហេតុទាំងនេះហើយ ទើបពួកយើងគាំទ្រឱ្យក្រុមហ៊ុនទាំងអស់ធ្វើរឿងត្រឹមត្រូវ ហើយគួរចេញច្បាប់ និងបទបញ្ជាថ្មីៗសម្រាប់ធានាសុវត្ថិភាពពិភពលោកផងដែរ ៕ ប្រភព ៖ Bangkok biznews