រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន មួយរយៈពេលចុងក្រោយនេះ កំពុងតែធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ រងារខ្នង ខណៈយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនយោធា បន្ដវាយប្រហារជាថ្មី ចូលជ្រៅមកលើទឹកដីរបស់រុស្ស៊ី បណ្ដាលឲ្យខូចខាតយន្ដហោះដឹកជញ្ជូន ជាច្រើនគ្រឿង។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែសីហា ថា បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានដកស្រង់សេចក្ដីរាយការណ៍ជាច្រើន អះអាង ថា យន្ដហោះដឹកជញ្ជូនធុនធ្ងន់របស់រុស្ស៊ី ប្រភេទ Ilyushin Il-76 (អ៊ីលយូស៊ីន ២-៧៦) ចំនួន៤គ្រឿង បានរងការខូចខាត ដោយសារការវាយប្រហារ ពីយន្ដហោះគ្មានមនុស្សបើក។
មន្រ្ដីក្នុងតំបន់ និង បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ បានរាយការណ៍ ថា ដ្រូនមួយគ្រឿង បានវាយប្រហារ មកលើអាកាសយានដ្ឋានទីក្រុងស្កាវ (Pskov) នៅភាគខាងលិចរបស់ប្រទេសរុស្ស៊ី ដោយមានទីតាំងនៅជិតព្រំដែនជាប់ជាមួយនឹងប្រទេសឡាតវី (Latvia) និង អេស្ដូនី (Estonia)។ រីឯសំឡេងបំផ្ទុះ បានលាន់ឮយ៉ាងខ្លាំង និង បង្កឲ្យកើតមានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។
ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់ប្រភពពីសេវាសង្គ្រោះបន្ទាន់ ដែលអះអាង កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា) ថា យន្ដហោះដឹកជញ្ជូន ប្រភេទ Ilyushin Il-76 ចំនួន៤គ្រឿង នៅក្នុងអាកាសយានដ្ឋានស្កូវ ដែលមានចម្ងាយ៨០០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន បានរងនូវការខូចខាត។
លោក មីខៃ វេឌ័រនីកូវ (Mikhail Vedernikov) ប្រធានតំបន់ បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រម ដែលបានបង្ហោះវីដេអូ ដោយមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ជាមួយនឹងសំឡេងបំផ្ទុះ និង ស៊ីរ៉ែន នៅលើដីនោះ ថា «ក្រសួងការពារជាតិរុស្ស៊ី កំពុងតែវាយលុកទៅលើដ្រូន ដែលវាយប្រហារមកលើអាកាសយានដ្ឋានស្កូវ។ ប៉ុន្ដែបើតាមព័ត៌មានបឋម មិនទាន់មានសេចក្ដីរាយការណ៍ អំពីអ្នករងគ្រោះថ្នាក់នោះឡើយ។ រីឯកម្រិតខូចខាត នៅក្នុងអាកាសយានដ្ឋាន កំពុងតែស្ថិតក្នុងការវាយតម្លៃ»។
សេចក្ដីរាយការណ៍ នៅលើបណ្ដាញតេឡេក្រាម បានបញ្ជាក់ ថា ប្រព័ន្ធការពារប្រឆាំងនឹងយន្ដហោះ កំពុងតែធ្វើសកម្មភាព នៅជុំវិញទីក្រុងរបស់រុស្ស៊ី ដែលនៅជិតបណ្ដាប្រទេសអឺរ៉ុប មានដូចជា ឡាតវី និង អេស្ដូនី។
យោធារុស្ស៊ី ក៏បានបញ្ជាក់ កាលពីព្រឹកថ្ងៃពុធ ថា កម្លាំងទាហានរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន នៅតំបន់ Bryansk (ព្រីយ៉ាន់ស្ក៍) នាភាគខាងត្បូងរបស់រុស្ស៊ី ហើយនៅតំបន់អ័រឡូវ (Orlov) និង រីយ៉ាហ្សានកណ្តាល (Ryazan)។
លោកប្រធានតំបន់ បានថ្លែង នៅពេលនោះ ថា តំបន់ Pskov ធ្លាប់ទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីចុងខែឧសភា ខណៈយន្តហោះគ្មានមនុស្សបើកពាក់ដោយអាវុធ ចំនួនពីរគ្រឿង បានវាយប្រហារបំផ្ទុះ នៅលើអគាររដ្ឋបាល នៃបំពង់បង្ហូរប្រេង បង្កឲ្យមានការខូចខាត។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ ទាំងនៅក្នុងរដ្ឋធានីមូស្គូ និង តំបន់ផ្សេងៗទៀតរបស់ប្រទេសរុស្ស៊ី កំពុងតែស្ថិតនៅក្រោមការវាយឆ្មក់ជារៀងរាល់ ចំពេលមានការព្រមានពីរដ្ឋាភិបាលក្រុងកៀវ ថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងវិលត្រឡប់ទៅរកប្រទេសរុស្ស៊ី។
ការវាយប្រហារបង្កឲ្យខូចខាតយន្ដហោះដឹកជញ្ជូនរបស់រុស្ស៊ី នៅក្នុងអាកាសយានដ្ឋានស្កូវ បានកើតឡើង ក្រោយការវាយប្រហារដោយដ្រូន កាលពីថ្ងៃទី២២ ខែសីហា ទៅលើយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-22 របស់រុស្ស៊ី នៅក្នុងមូលដ្ឋានទ័ពអាកាស Soltsy-2 ស្ថិតក្នុងសង្កាត់ Novgorod នាភាគពាយព្យ នៃប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនជាមួយអ៊ុយក្រែន។










