អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ដោយពន្យល់សាធារណជនឱ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹង «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC»ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត» នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិនាយឧត្ដមសេនីយ៍ ជូនឯកឧត្តមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ ដូចតទៅ ៖
១. សិក្សាសម្រាប់អនាគត៖ជាស្មារតីអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ទី១ លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការអនុវត្តនោះ។ ទី២ ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ។ ទី៣ ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី«60CC»ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណ បើកបរនោះទេ ពោលគឺ ត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទក, ខ,…ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង។

២. ហេតុផលនៃអនុសាសន៍ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងច្បាស់ៗប្រកបដោយការព្រួយបារម្ភថា មិនទាន់ដាច់ឆ្នាំ២០២៣ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង១១០០នាក់ឡើយ បើ ធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ១៧លាននាក់។ ដូច្នេះទំរាំដាច់ឆ្នាំ២០២៣ អាចនឹងកើនឡើងច្រើនជាងនេះក៏ថាបាន បើពុំមានវិធានការគត់មត់។ ទោះជាចំនួនអ្នកបានថយចុះមែនប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបានតាមគោលដៅរបស់ក្រសួងនៅឡើយ។ ចំណែក ឯចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ។ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្នុងមួយថ្ងៃៗក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង ១០០០គ្រឿងគិតជាលេខមូល បើប្រៀបធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង៨០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់។ ជាផែនការ ឯកឧត្តម ស សុខា មានទស្សនវិស័យ “កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយទាបបំផុតនាថ្ងៃអនាគត”។

៣. ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៖ ឯកឧត្តម ស សុខា ជំរុញដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត សហការជាមួយ តួអង្គពាក់ព័ន្ធនានាបង្កើតយន្តការបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយអំពីច្បាប់ ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌បើកបរជាដើម ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់ប្រភេទ ក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថាអនុសាសន៍របស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជា«ផែនការសម្រាប់អនាគត ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និងជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយនិងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។ ពោលគឺពុំទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ៕