រដ្ឋធានីប៊ែរឡាំង៖ ដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងកៀវ បាន និង កំពុងតែខ្នះខ្នែងយ៉ាងខ្លាំង ចង់ទទួលបានរថក្រោះរបស់លោកខាងលិច ដើម្បីយកមកធ្វើសង្គ្រាមទៅទប់ទល់នឹងកម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី ប៉ុន្ដែអ្វីដែលគួរភ្ញាក់ផ្អើលនោះ ក៏មានក្រុមហ៊ុនអាល្លឺម៉ង់ និង ក្រុមហ៊ុនស្វីស បានព្រមព្រៀងគ្នាទិញ-លក់រថក្រោះអាល្លឺម៉ង់ ប្រភេទ Leopard 1A5 ដោយមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូតរបស់ចិន សម្រាប់ផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។។
គេហទំព័រ Gagadget បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែសីហា ថា ក្រុមហ៊ុនរបស់អាល្លឺម៉ង់ Global Logistics GmbH (ហៅកាត់ GLS) ពិតជាបានទិញរថក្រោះ Leopard 1A5 ជាង២០គ្រឿង ពីក្រុមហ៊ុនរបស់ស្វីស RUAG ដោយមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនធម្មតារបស់ចិន។
ក្រុមហ៊ុន RUAG របស់ស្វីស ចង់លក់រថក្រោះ Leopard 1A5 ចំនួន៩០គ្រឿង ទៅឲ្យក្រុមហ៊ុន Rheinmetall (រេនមេថល) ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្ដ និង គ្រឿងសព្វាវុធរបស់អាល្លឺម៉ង់ ដើម្បីផ្ទេររថក្រោះទាំងអស់នេះ ទៅជួយដល់ប្រទេសអ៊ុយក្រែន។ បើទោះជាយ៉ាងក៏ដោយ ដំបូងឡើយ អាជ្ញាធរស្វីស បានរារាំងដល់កិច្ចព្រមព្រៀងនេះ ហើយបន្ទាប់មក បានចាប់ផ្ដើមបើកការស៊ើបអង្កេត។
ក្រុមហ៊ុន RUAG របស់ប្រទេសស្វីស បានទិញរថក្រោះ Leopard 1A5 ទាំងនេះ មកពីប្រទេសអ៊ីតាលី ដោយសារតែកងទ័ពរបស់ប្រទេសអឺរ៉ុបមួយនេះ បានបោះបង់ចោលរថក្រោះស៊េរីចាស់ៗទាំងអស់ ចេញពីឃ្លាំងរបស់ខ្លួន។ ស្របគ្នានោះ ក្រុមហ៊ុន GLS របស់អាល្លឺម៉ង់ ក៏បានបានបញ្ជាទិញរថក្រោះ Leopard 1A5 ចំនួន២៥គ្រឿង ក្នុងតម្លៃ៥០០ហ្វ្រង់ស៍ស្វីស នៅក្នុងមួយគ្រឿង ដោយមានតម្លៃស្មើនឹងប្រហែល ៥៦៥ដុល្លារអាមេរិក។
ក្រុមហ៊ុន GLS របស់អាល្លឺម៉ង់ ទើបតែបានចំណាយលុយ ចំនួន ១៤ ០០០ដុល្លារ សម្រាប់រថក្រោះ២៥គ្រឿង។ កាលពីអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនអាល្លឺម៉ង់ GLS បានទិញរថចម្បាំង ជាច្រើនគ្រឿង ប៉ុន្ដែក្រុមហ៊ុនមួយនេះ មិនទាន់ទទួលបានរថក្រោះអ្វី សូម្បីតែមួយគ្រឿង ចាប់តាំងពីពេលនោះមក។ ប៉ុន្ដែឥឡូវនេះ ក្រុមហ៊ុន GLS របស់អាល្លឺម៉ង់ នៅក្នុងនាមជាម្ចាស់ស្របច្បាប់ កំពុងតែទាមទារឲ្យក្រុមហ៊ុន RUAG ចាប់ផ្ដើមបញ្ចេញរថក្រោះ Leopard 1A5 ជាច្រើនគ្រឿងមកឲ្យខ្លួន សម្រាប់ផ្ទេរទៅឲ្យអ៊ុយក្រែន។
បើតាមកិច្ចព្រមព្រៀងនេះ ដំបូងឡើយ បានសម្រេចរក្សាទុករថក្រោះទាំងនោះ នៅក្នុងប្រទេសអ៊ីតាលី ។ ចំណែកមូលហេតុ ត្រង់ថា បើទោះជាការទិញរថក្រោះទាំងនេះក៏ដោយ ក៏ក្រុមហ៊ុនអាល្លឺម៉ង់ មួយនេះ មិនទាន់បានដឹងច្បាស់ អំពីរបៀបដែលក្រុមហ៊ុន នឹងត្រូវប្រើប្រាស់ Leopard 1A5 ដែលក្រុមហ៊ុន បានទិញនោះដែរ។ បញ្ហានេះ នឹងអាចប្រព្រឹត្ដរួច ក្រោយពេលអាជ្ញាធរស្វីស នឹងពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងនោះ៕










