តារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័នកញ្ញា ណា សាឌី បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងក្រោយពីរង់ចាំអស់រយៈពេលជាង៥ឆ្នាំទីបំផុតនាងទទួលបានសញ្ជាតិថៃសមតាមបំណងហើយ។ ណា សាឌី គឺជាកូនខ្មែរកាត់ថៃ ដោយមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ។
អ្នកមួយចំនួនអាចដឹង និងមិនទាន់ដឹងដែលកញ្ញា ណា សាឌី គឺជាតារាខ្មែរម្នាក់ជាកូនខ្មែរកាត់ថៃ ខណៈនាពេលថ្មីៗនេះអ្នកគាំទ្ររបស់នាងទទូចឱ្យពិធីការិនីរូបនេះចូលរួមប្រកួតប្រជែងសម្រស់ Miss Grand Cambodia 2024 ព្រោះនាងមិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេតែនាងក៏អាចសម្តែង បង្ហាញម៉ូដ ធ្វើជាពិធីការិនីយូរមកហើយដូច្នេះការដើរលើឆាក ចំណេះដឹងការឆ្លើយសំណួរផ្សេងៗអ្នកគាំទ្រជឿជាក់ថា ណា សាឌី នឹងធ្វើបានល្អជាមិនខាន។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នាពេលថ្មីៗនៅលើ Story Ig របស់ ណាសាឌី បានបង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងព្រោះនាងទទួលបានសញ្ជាតិថៃហើយ។ ណា សាឌី បានសរសេរថា ទីបំផុតនាងទទួលបានសញ្ជាតិថៃហើយអីឡូវនេះក្រោយរង់ចាំជាង៥ឆ្នាំ ហើយពេលនេះជាប្រជាជនថៃពេញលេញនឹងគេហើយ។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះក៏មិនភ្លេចអរគុណលោកប៉ានាងជាពិសេសដែលបានផ្តល់កាដូដ៏ធំសម្រាប់ខួបកំណើតនាងឆ្នាំនេះដែលទទួលបានសញ្ជាតិថៃ។
គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពជាពិធីការិនី ណា សាឌី ក៏មានជំនួញផ្ទាល់ខ្លួនដែរនោះគឺជាហាងលក់សំលៀកបំពាក់ និងហាងដេគ័រប៉េងប៉ោងសម្រាប់កម្មវិធីជប់លៀងផ្សេងៗ៕










