មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែបវរកញ្ញាទាំងពីររូប ភឹម ស្រីនោ និង កុយ អេនណា ថែមទាំងមានបេះដូងបរិសុទ្ធមានចិត្តសប្បុរសចាប់ផ្តើមបង្កើតកម្មវិធីសប្បុរសធម៌។ ក្នុងនោះ ស្រីនោ មានគម្រោងសប្បុរសធម៌រៃអង្គាសប្រាក់ជួយទៅដល់មណ្ឌលកុមារកំព្រាមួយកន្លែង និងកុយ អេនណា មានគម្រោងធ្វើសប្បុរសធម៌ជួយកុមារដែលកំពុងខ្វះខាតក្នុងការសិក្សានៅខេត្តក្រចេះ។
តាមការឱ្យដឹងពីផេករបស់ភឹម ស្រីនោ ម្ចាស់មកុដ MGC2023 នៅថ្ងៃទី២៨ សីហា នេះថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា នៅថ្ងៃខាងមុខនេះនាងខ្ញុំ ភឹម ស្រីនោ និងក្រុមការងារ Miss Grand Cambodia ក៏ដូចជាអ្នកគាំទ្ររបស់រូបនាងខ្ញុំនឹងមានការចូលរួមចែកសប្បុរសធម៌ទៅដល់មណ្ឌលកុមារកំព្រាមួយកន្លែង ដូច្នេះប្រសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាចំណែកមួយក្នុងការងារសង្គម បងប្អូនអាចចូលតាមសទ្ធាជ្រះថ្លារបស់បងប្អូនណា៎នាងខ្ញុំនឹងយកថវិកាទាំងអស់នេះទិញជាសម្ភារៈសម្រាប់ផ្តល់ជូនពួកគាត់»។
ជាមួយគ្នានេះដែរ កុយ អេនណា លំដាប់រងទី១ MGC2023 បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែសីហា ថា «សួស្តីបងប្អូនទាំងអស់គ្នា នាងខ្ញុំ និង Family Anna Official នឹងចុះទៅផ្តល់ជំនួយដូចជាសម្ភារៈសិក្សាជាច្រើនជូនប្អូនៗសិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលាបឋមសិក្សាកំពង់ដំរីចាស់ ស្ថិតនៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូងខេត្តក្រចេះ ។ ដើម្បីជួយដល់ប្អូនៗដែលកំពុងខ្វះខាតក្នុងការសិក្សា»។
បន្ទាប់ពីឃើញសកម្មភាពនេះហើយ បណ្តាអ្នកគាំទ្របានពោលសរសើរទៅដល់បវរកញ្ញាទាំងពីររូបនេះយ៉ាងខ្លាំងដោយពួកគេចាប់ផ្តើមធ្វើអំពើសប្បុរសជួយទៅដល់កុមារដែលកំពុងខ្វះខាត ខណៈពួកគេទើបតែបញ្ចប់កម្មវិធីប្រកួតប្រជែងមិនទាន់បានប៉ុន្មានផង។
ភ្ជាប់ជាមួយគ្នានេះ គេក៏សង្កេតឃើញថាអ្នកគាំទ្រនិងសប្បុរសជនក៏បានចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លាតបតាមការអំពាវនាវរបស់បវរកញ្ញាទាំង២រូបនេះផងដែរ៕












