ពាក្យចាស់ពោលថា «ធ្វើល្អទទួលបានផលល្អ» មិនខុសនោះទេ ជាក់ស្តែងទង្វើល្អៗរបស់ក្រុមនិស្សិតបា្លស្ទិចដែលតែងតែគិតគូរពីបរិស្ថានចូលរួមប្រមូលសំរាមនៅតាមប្រឡាយនានានៅទីក្រុងភ្នំពេញពេលនេះត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយក្រសួងបរិស្ថានដែលបានរៀបចំឡើងនៅប្រទេសឡាវកាលពីពេលថ្មីៗនេះ។
លោក ហែម សុភេម ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក ត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយ ក្រសួងបរិស្ថាន (The 2nd ASEAN Youth co-Champions Award Junior) ដែលបានរៀបចំឡើងនៅប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែសីហា។ពានរង្វាន់នេះជាពានរង្វាន់ជើងឯកយុវជនអាស៊ាន (AYECA) សម្រាប់ពលរដ្ឋវ័យក្មេងរបស់សមាជិកអាស៊ាន (AMS) អាយុពី១៨ ដល់ ៣៥ឆ្នាំ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថាន។
ទន្ទឹមនឹងទទួលបានពានរង្វាន់នេះ ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាពានរង្វាន់នេះគឺមិនមែនកើតចេញពីលោកម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀតដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មភាពក្នុងកិច្ចការពារបរិស្ថានជាមួយនិស្សិតប្លាស្ទិចនាពេលកន្លងមក។
បន្ទាប់ពីទទួលបានពានរង្វាន់នេះប្រជាពលរដ្ឋបានចូលរួមអបអរសាទរលោកយ៉ាងច្រើន ព្រោះក្រុមរបស់លោកគឺជាធនធានល្អសម្រាប់សង្គមជាតិរួមចំណែកយ៉ាងសំខាន់ក្នុងការងារសង្គមមិនខ្លាចពីភាពនឿយហត់ចុះទឹកស្អុយយ៉ាងណានៅតែមិនរាថយ។ មិនត្រឹមតែទទួលបានការកោតសរសើរពីមហាជនទេ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរទៅដល់លោកផងដែរ៕











