ទឹកធ្លាក់ដំណាក់ក្បូន ជាតំបន់ទេសចរណ៍ធម្មជាតិមួយស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ចម្ងាយ ៤០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទខេត្តកោះកុង។ ទឹកធ្លាក់នេះ កំពុងបង្អួតសម្រស់ខ្លួន ដែលធម្មជាតិបានបង្កើត និងកែច្នៃ។ 
ភាពលេចធ្លោនៃធម្មជាតិនេះជាហេតុ ធ្វើឱ្យភ្ញៀវទេសចរ តស៊ូធ្វើដំណើរតាមផ្លូវតូច និងបត់បែនដើម្បីទៅសម្រាកកម្សាន្តនៅទីតាំងមួយនេះ។ ដើមឡើយ ទឹកធ្លាក់ដំណាក់ក្បូន ជាទីតាំងវារីអគ្គិសនីមួយ ប៉ុន្តែដោយសក្តានុពលធម្មជាតិ ដែលមានទឹកហូរថ្លាឆ្វង់ ព្រៃឈើដុះអមមាត់ទឹកផ្ដល់ជាម្លប់ត្រឈឹងត្រឈៃដល់ភ្ញៀវទេសចរ បានធ្វើឱ្យទឹកធ្លាក់ដំណាក់ក្បូនក្លាយ ជាទីតាំងទេសចរណ៍ធម្មជាតិថ្មីមួយក្នុងខេត្ត។
ទឹកធ្លាក់ដំណាក់ក្បូន បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតក្នុងខេត្តកោះកុង។ ទីតាំងនេះកាលពីមុនគ្រាន់តែជាកន្លែងវារីអគ្គិសនីមួយប៉ុណ្ណោះ តែបន្ទាប់ពីគេបើកឱ្យចូលទៅលេងមក ហើយមានការផ្សព្វផ្សាយពីអ្នកទេសចរធ្លាប់ទៅលេង ទើបបានទីតាំងនេះក្លាយជាតំបន់ទេសចរណ៍ ប៉ុន្តែអត់ទាន់មានការកែច្នៃកន្លែងអង្គុយលេង ឬកន្លែងស្នាក់នៅនោះទេ។ជាពិសេសជាងនេះទៅទៀត ទេសចរអាចបោះតង់ ស្ទូចត្រី ហែលទឹក ជាពិសេសសាកសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តធម្មជាតិ និងការផ្សងព្រេង៕
Home ព័ត៌មានជាតិ







