តារាចម្រៀងពន្លកថ្មី លីម តិចម៉េង កំពុងធ្វើឱ្យមហាជនកោតសរសើរពីឆន្ទៈមោះមុតរបស់លោកយ៉ាងខ្លាំងក្រោយបានប្រកាសជាសាធារណៈថាក្នុងមួយជីវិតរបស់លោកមិនផ្សព្វផ្សាយល្បែងស៊ីសងអនឡាញឡើយព្រោះលោកមិនចង់ឱ្យមនុស្សជំនាន់ក្រោយមើលគំរូ។ មិនត្រឹមតែប៉ុណ្ណោះ តិចម៉េង បាននិយាយទៀតថា «លុយ» អ្នកណាក៏ចង់បានដែរតែ ដើម្បីបាយ៣ពេលមិនអាចបំផ្លាញគុណធម៌មនុស្សម្នាក់ៗឡើយ។
ទន្ទឹមនឹងមានតារាមួយចំនួនធំសម្រេចចិត្តផ្សព្វផ្សាយលែ្បងស៊ីសងអនឡាញព្រោងព្រាតទោះបីជាមហាជនសម្តែងការមិនពេញចិត្តក្តី។ ក្នុងនោះគេក៏សង្កេតថាតារាមួយចំនួនតូចក៏បានប្រកាសមិនផ្សព្វផ្សាយដូចគ្នាដូចជាតារាសម្តែងជើងចាស់ សាវិន ហ្វីលីព តារាពហុជំនាញ ខាត់ សុឃីម និងតារាចម្រៀង វេហាស៍ ជាដើម។ មួយក្នុងចំណោមតារាមិនផ្សព្វផ្សាយល្បែងនេះ ក៏មានកំលោះតូច លីម តិចម៉េង ផងដែរចេញមកប្រកាសជាសាធារណៈ ដាច់ខាតមិនទទួលផ្សព្វផ្សាយឡើយ។
នៅយប់ថ្ងៃទី២៤ ខែសីហា តាមរយៈខ្លឹមសារនៅលើបណ្តាញសង្គមហ្វេលកប៊ុក លីម តិចម៉េង រៀបរាប់យ៉ាងដូច្នេះថា «សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងស៊ីសង Online ព្រោះខ្ញុំមិនចង់ឱ្យមនុស្សជំនាន់ក្រោយមើលគំរូ និង មិនចង់បន្សល់ឈ្មោះ…ទៅថ្ងៃក្រោយទេ សូមយោគយល់ មិនថាថ្ងៃនេះថ្ងៃក្រោយគឺ១ជីវិតខ្ញុំនៅតែប្រកាន់គោលការណ៍មួយនេះជារៀងរហូត ពីខ្ញុំបាទ លីម តិចម៉េង សូមបងប្អូនដែលទទួលការងារនេះ និង ម្ចាស់ល្បែងស៊ីសង online ទាំងអស់មេត្តាអធ្យាស្រ័យ គោលបំណងខ្ញុំគ្រាន់តែចង់ឱ្យបងប្អូនទូទាំងប្រទេសយល់ថា គុណធម៌ជីវិត វាពិតជាសំខាន់ក្នុងនាមជាមនុស្ស»។
ម្ចាស់បទ «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» បន្ថែមទៀតថា «លុយ ការងារ អ្នកណាក៏ចង់បានដែរតែគ្រប់យ៉ាងគ្រាន់តែដើម្បីបាយ៣ពេលមិនអាចបំផ្លាញគុណធម៌មនុស្សម្នាក់ៗបានទេ»។
ក្រោយពីប្រកាសគោលជំហរយ៉ាងរឹងមាំដូចនេះមហាជនពោលសរសើរតារាចម្រៀងរូបនេះមិនដាច់ពីមាត់ដែលមានឆន្ទៈមោះមុតមិនព្រមទទួលផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញនេះ ខុសពីតារាៗមួយចំនួនធំដែលទទួលផ្សព្វផ្សាយ៕
		
	









